(កំពត)៖ សកម្មជនគណបក្សភ្លើងទៀនមួយចំនួន ដែលរស់នៅក្នុងភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត បាននាំគ្នាទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះរបស់ខ្លួន ព្រោះតែអស់ភាពជឿជាក់ទៅ នឹងការដឹកនាំរបស់បក្ស ដែលបានលង់ជឿអស់រយៈពេលប្រមាណ២០ឆ្នាំ រហូតលក់មាន់ធ្វើនយោបាយទៀតផង។
សកម្មភាពទម្លាក់ស្លាកបក្សភ្លើងទៀនចេញពីមុខផ្ទះ ធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ តំណាងសកម្មជនគណបក្សភ្លើងទៀន បានបញ្ជាក់ថា ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់លោក សម រង្សី ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលគណបក្សតែមួយគត់ដែលមានភាពរឹងមាំ និងចាស់ទុំផ្នែកនយោបាយជាងគេ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៌ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។
បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិ ដែលជាសំណល់មកពីអតីតគណបក្ស សម រង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់ សង្គមជាតិនោះឡើយ៕