(កំពង់ចាម)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះ​មូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ បានអញ្ជើញបំពាក់គ្រឿង​ឥស្សរិយ​យស​ការពារជាតិជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ២៤៨​នាក់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ការបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានពាំនាំនូវការផ្ដាំផ្ញើការសួរ​សុខ​ទុក្ខ​សំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អតីត​យុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលសម្ដេចទាំងពីរតែងតែគិតគូរ​អំពីសុខ​ទុក្ខ​របស់អតីតយុទ្ធជនកម្ពុជា ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគ្រប់​លំ​ដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់គិតគូរគ្រប់បែប​យ៉ាងដល់​អតីត​យុទ្ធជន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអបអរសាទរដល់អតីតយុទ្ធជន និង​គ្រួ​សារ​អតីតយុទ្ធជនទាំង ២៤៨នាក់ ដែលត្រូវបានបំពាក់គ្រឿង​ឥស្សរិយយស​ការពារជាតិ ដែលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់​របស់រាជ​រដ្ឋា​ភិ​បាល និងការដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជនទាំងអស់ ដែលបាន​តស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍន​ភាព​សង្គម ក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតសព្វថ្ងៃនេះ។ ជាពិសេសការទប់ស្កាត់មិនឱ្យរបបនេះត្រឡប់មកវិញ នាអំឡុងទសវត្សរ៍ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨។

លោករដ្ឋមន្ត្រីបន្តថា ក្រោយពីបានស្តាប់របាយការណ៍អំពីសកម្មភាព និងលទ្ធ​ផល​ធំៗ​មួយចំនួន របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន​កម្ពុជាស្រុក​បាធាយ និងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវា​អតីត​យុទ្ធ​ជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣រួចមក លោករដ្ឋមន្ត្រី បានយល់​កាន់​តែច្បាស់អំពីទុក្ខលំបាក និងសេចក្តីត្រូវការរបស់បងប្អូនអតីតយុទ្ធជន ក៏ដូច​ជាការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ ចូលរួម​ដោះ​ស្រាយជាបន្តបន្ទាប់ និងធ្វើសកម្មភាពបម្រើអតីតយុទ្ធជន​ពី​សំណាក់​គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកបាធាយ។

តាងនាមក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ និងក្នុងនាមខ្លួនលោកផ្ទាល់ លោករដ្ឋមន្ត្រី ប្រកាសគាំទ្រ និងប្តេជ្ញាខិតខំយក​ចិត្ត​ទុកដាក់អនុវត្ត​ឱ្យមានប្រសិទ្ធភាពខ្ពស់តាមសារអំពាវនាវរបស់សម្តេច​តេជោ​ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី និងសូមថ្លែងអំណរគុណ ចំពោះប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក។

លោករដ្ឋមន្ត្រី បន្ថែមថា មានអតីតយុទ្ធជន ទើបមានសន្តិភាព, សន្តិភាពនេះ​ហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាន​សមិទ្ធផល និងជោយជ័យជូនជាតិមាតុភូមិជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារ​សន្តិ​ភាព​ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោត​នៅថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវ​បោះ​ឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូប​សញ្ញា​ទេវ​តាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីក​ចម្រើន​បន្តទៀត។

ទទន្ទឹមនឹងនោះ លោករដ្ឋម​ន្ត្រី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង​ចំពោះ​សារ​នយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាង​ពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

មុនបញ្ចប់កិច្ចសំណេះសំណាលនោះ លោករដ្ឋមន្ត្រី បានអំពាវនាវអតីតយុទ្ធជនទាំងអស់ ឱ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ និងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឱ្យទាន់ពេលវេលា។

សូមជម្រាបជូនថា ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនបងប្អូនអតីតយុទ្ធជន ចំនួន ២៤៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, ប្រធានការិយាល័យជុំវិញស្រុក ក្រុមការងារយុវជនស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, កងកម្លាំងទាំង ៣ប្រភេទ ចំនួន ៣០ម៉ឺនរៀល និងក្រុមគ្រូពេទ្យ ១០ម៉ឺនរៀល៕