(បាត់ដំបង)៖ លោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ប្រជុំប្រាប់សមាជិកបក្សមូលដ្ឋាន ឲ្យបន្តការយកចិត្តទុកដាក់ពីកង្វល់ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយពីបញ្ហាផ្សេងៗ ជូនពួកគាត់ឲ្យបានទាន់ពេលវេលាផងដែរ។

ការលើកឡើងនេះ បានធ្វើឡើង ក្នុងឱកាសលោកនាំយកអំណោយចែកជូន ជនទីទាល់ក្រចាស់ជរាឥតទីពឹង ជនពិការនិងអ្នកផ្ទុក មេរោគអេដស៍នៅឃុំភ្នំសំពៅចំនួន៥គ្រួសារ នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៦នេះ ។

លោក ហែម ថេង បានថ្លែងថា យោងតាមការណែនាំ របស់លោក សុខ ផល ប្រធានក្រុមការងារចុះជួយ ស្រុកបាណន់ជាប្រចាំ លោកបានដឹកនាំក្រុមការងារ នាំអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាទៅចែកជូនប្រជាពលរដ្ឋ ដែលជាជនទីទាល់ក្រ ចាស់ជរាឥតទីពឹង ជនពិការ ក្មេងកំព្រា អ្នកផ្ទុកនិងកើតជម្ងឺអេដស៍ មានចំនួន៥គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ ទឹកត្រី២យួរ ត្រីខកំប៉ុង២យួរ ប្រេងឆាចំណុះ៥លីត្រ១ដប នំធុង១ធុង សារ៉ុង១ ក្រមា១ និងថវិកា២០ម៉ឺនរៀល ក្នុងនោះក្រុមការងារបានឲ្យមន្រ្តីបក្សមូលដ្ឋាន ជួយធ្វើផ្ទះជូនជនក្រីមាន ១គ្រួសារដែលគ្មានលទ្ធភាព បានស្នាក់នៅឲ្យបានសមរម្យផងដែរ។ 

លោក ហែម ថេង បានបន្តថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាកន្លងមក តែងតែយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ ហើយបានកសាងសមិទ្ធិផលនានា ជាច្រើនជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងបន្តធ្វើអំពើល្អគ្រប់បែបយ៉ាងបង្កើតភាពស្និទ្ធស្នាលកាន់តែប្រសើរឡើងជាលំដាប់ ហើយក៏មិនបណ្តោយទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។

បន្ទាប់មកលោកប្រធានក៏បានប្រជុំពង្រឹងបក្សឃុំនិងសំណេះសំណាល ជាមួយក្រុមការងារមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ស្ថិតិអ្វីដែលនៅមិនទាន់ធ្វើ ត្រូវធ្វើឲ្យទាន់ពេលវេលា  ដើម្បីចង់ដឹងពីិតួរលេខ សមាជិកបក្ស រស់នៅជាក់ស្តែងបច្ចុប្បន្ន មានប៉ុន្មានក្នុងមូលដ្ឋានបច្ចុប្បន្ន ការផ្លាស់ប្តូរ ទីលំនៅ ចេញ ចូល កើតថ្មី និងស្លាប់មានចំនួនច្បាស់លាស់ពិតប្រាកដ ដើម្បីត្រៀមរៀបចំឈ្មោះទៅចុះឈ្មោះ ក្នុងបញ្ជីសម្រាប់ទៅបោះឆ្នោត ឃុំ សង្កាត់ នាឆ្នាំ២០១៧ខាងមុខនេះ និងដើម្បីទាញយកសម្លេងឆ្នោតឲ្យគណបក្សប្រជាជន បានទទួលបានជ័យជំនះដើម្បីបន្តដឹកនាំ កសាងនិងការអភិវឌ្ឍន៍ប្រទេសជាតិបន្តថែមទៀតផងដែរ។