(តាកែវ)៖ ក្រោយពីស្ពានដែកនៅខេត្តកំពតបាក់ស្រុត ដោយសារតែរថយន្តដឹកឈើប្រិណិតបំផ្លាញ នាំឲ្យមានការចាប់អារម្មណ៍ និងចាត់ការយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំនោះ សកម្មភាពដឹកឈើប្រណិត ដែលគេដឹងថា ចេញពីទឹកដីខេត្តកំពង់ស្ពឺ បានស្ងាត់មួយរយះហើយ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពនេះ បានកើតឡើងនៅឯច្រកបុរីជលសារ ក្នុងទឹកដីខេត្តតាកែវវិញម្តង ក្រោមការជួយរត់ការ និងនៅពីក្រោយខ្នង របស់មន្រ្តីសមត្ថកិច្ចគ្រាក់ៗ នៅក្នុងខេត្តផងដែរ។
សមត្ថកិច្ចតូចតាចដែលមិនបានទទួលផលប្រយោជន៍ពីការដឹកជញ្ជូនឈើប្រណិតទាំងនេះ បានលួចទម្លាយមកអង្គភាព Fresh News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះថា បន្ទាប់ពីស្ពាននៅ ខេត្តកំពតបានស្រុតបាក់នោះ ក្រុមអ្នករកស៊ីឈើប្រណិត បានងាកសម្រុកដឹកចេញតាមច្រកបុរីជលសារវិញម្តង ដោយក្នុង១យប់ៗ រថយន្តដឹកចេញរាប់សិបគ្រឿងបន្តកន្ទុយគ្នា។
សមត្ថកិច្ចបានលួចបង្ហើបថា មានមន្រ្តីជាន់ខ្ពស់ធំៗក្នុងខេត្តតាកែវជាអ្នកចាំកាងក្នុងការនាំឈើចេញដោយគ្មានជំនាញណាមួយហ៊ានចុះទៅបង្ក្រាបនោះឡើយ ដោយគេដឹកឆ្លងកាត់ពីខេត្តកំពង់ស្ពឺ ចូលទៅច្រកបុរីជលសានេះដោយរលូន។ ក្រុមអ្នករកស៊ីឈើទាំងនោះ គឺជាឈ្មួញដែលមានសមត្ថកិច្ចមួយចំនួនគ្រាក់ៗ នៅក្នុងខេត្តតាកែវជាអ្នករត់ការបើកផ្លូវឲ្យក្នុងនោះក៏មាន លោក ស៊ឹម ឡាតាំង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវផងដែរ ។
បើតាមសមត្ថកិច្ចដដែលនេះ នៅពេលមានស្ថាប័នផ្សេងៗទៅសួរនាំពេលកំពុងស្ទូចដាក់ទូកគេប្រាប់ថាជារបស់ថ្នាក់ដឹកនាំខេត្ត។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលួចខ្សឹបពីសមត្ថកិច្ចដែលឈរជើង នៅតាមផ្លូវ និងបានដឹងរឿងនេះតែប៉ុណ្ណោះ ការពិតឫយ៉ាងណានោះ សូមថ្នាក់ដឹកនាំ និងកម្លាំងជំនាញចុះពិនិត្យមើលផង៕