(អាហ្វហ្គានីស្ថាន)៖ មនុស្សយ៉ាងហោចណាស់ ៨០នាក់ស្លាប់ និង ២៣១នាក់ រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ក្នុងគោលដៅវាយប្រហារទៅលើក្រុមបាតុករ នៅរដ្ឋធានី កាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍ Update ចុងក្រោយរបស់ភ្នាក់ងារ សារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ។
ហេតុការណ៍នេះបានកើតឡើង ក្នុងអំឡុងនៃការធ្វើបាតុកម្ម ពីសំណាក់សហគមន៍ Hazaras ដើម្បីប្រឆាំងការផ្លាស់ប្តូរគម្រោង បណ្តាញថាមពលអគ្គីសនី។
ខាងក្រោមនេះជាព័ត៌មានលម្អិតសំខាន់ៗជុំវិញការវាយប្រហារ៖
*ជនរងគ្រោះ៖
ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ មានមនុស្សយ៉ាងហោចណាស់ ៨១នាក់ស្លាប់ និងមនុស្សជាង ២៣១នាក់ផ្សេងទៀតរងរបួស ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងរដ្ឋធានី កាប៊ុល នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន។
*ជនបង្ក៖
បន្ទាប់ពីហេតុការណ៍នេះកើតឡើង ពួកឧទ្ទាមរដ្ឋឥស្លាម IS បានប្រកាសថាខ្លួនជាអ្នកបង្កហេតុការណ៍នេះឡើង ក្នុងពេលដែលបាតុករកំពុងធ្វើបាតុកម្ម។ សកម្មជនISIS យ៉ាងហោចណាស់ ៣នាក់ ដែលចូលរួមធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងចំណោមហ្វូងបាតុករ នេះបើយោងតាមការលើកឡើង របស់សារព័ត៌មាន Amaq របស់ពួកឧទ្ទាមISIS។ ជាលទ្ធផល អ្នកបំផ្ទុះគ្រាប់បែកពីរនាក់ ត្រូវបានប៉ូលីសបាញ់សម្លាប់ មន្ត្រីអាហ្វហ្គានីស្ថានបានប្រាប់សារព័ត៌មាន TOLO ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត យ៉ាងហោចណាស់បីនាក់ ដែលមានវត្ថមានក្នុងសកម្មភាពបាតុកម្មនេះ។ សកម្មជនទីមួយបានបំផ្ទុះគ្រាប់បែក អត្តឃាតដែលបង្កប់ក្នុងអាវរបស់ខ្លួន បានសម្រេច។ ចំណែកសកម្មជនទី២ ត្រូវបានប៉ូលីសបាញ់សម្លាប់ ខណៈដែលសកម្មជនទី៣ ជួបបញ្ហាខុសបច្ចេកទេស មិនអាចបំផ្ទុះគ្រាប់បែកអត្តឃាត បានជោគជ័យឡើយ។ ជោគវាសនារបស់សកម្មជនទី៣ នេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។
ពួកតាលីបង់ប្រកាសថា កន្លងមកខ្លួនពិតជានៅពីក្រោយការ វាយប្រហារផ្សេងៗក្នុងប្រទេស ដែលកំពុងមានសង្គ្រាមរ៉ាំរ៉ៃមួយនេះពិតមែន។ ដោយឡែកក្នុងហេតុការណ៍នេះ ពួកគេបានបដិសេធយ៉ាងដាច់ខាត។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមនុស្សបានចោទប្រកាន់ ទៅលើពួកតាលីបង់ថា ជាអ្នកដែលមានគោលដៅវាយប្រហារទៅលើពួក Hazara។
*ទីតាំង និងពេលវេលា៖
ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែកក្កដានេះ ខណៈដែលបាតុករជាសមាជិករបស់ក្រុមសហគមន៍ Hazara ដែលជាផ្នែកមួយជនជាតិភាគតិចរបស់ពួក Shiite កំពុងធ្វើបាតុកម្មដោយប្រមូលផ្តុំគ្នា នៅត្រង់ចំណុច Demazang នៅក្បែរវិមានរដ្ឋសភាអាហ្វហ្គានីស្ថាន និងសកលវិទ្យាល័យកាប៊ុល។ ក្រុមបាតុករ បានធ្វើសកម្មភាពអស់រយៈពេលជាងបួនម៉ោង។
*ហេតុការណ៍បំផ្ទុះគ្រាប់បែក៖
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ការបំផ្ទុះគ្រាប់បែកកើតឡើង កម្លាំងសន្តិសុខ បានបាញ់កាំភ្លើងទៅលើអាកាសក្នុងបំណងបំបែកហ្វូងមនុស្ស។ ជាអកុសលការវាយប្រហារលើកទីពីរ បានកើតឡើងបន្តទៀត ដោយមានគោលដៅសម្លាប់ក្រុម ដែលចូលទៅជួយសង្គ្រោះជនរងគ្រោះ បណ្តាលមកពីហេតុការណ៍ទីមួយ។ មនុស្សបានធ្វើការផ្សព្វផ្សាយ តាមបណ្តាញសារព័ត៌មាន សង្គមនានា ដើម្បីស្នើសុំជំនួយឈាមជាបន្ទាន់។
មុនពេលធ្វើបាតុកម្ម ដងផ្លូងនានាត្រូវបានបិទពេញមួយយប់ ដើម្បីបង្កាកុំឲ្យហ្វូងបាតុករអាចចូលទៅក្នុងទីក្រុង ឬវិមានប្រធានាធិបតី ដែលបញ្ហានេះ បានបង្កការរារាំងដល់ការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ បាតុករខ្លះមានការខឹងសម្បា ហើយបានឡោមព័ទ្ធតំបន់នោះ ដើម្បីរារាំងមិនឲ្យប៉ូលីស ឬកម្លាំងសន្តិសុខចូលទៅកាន់កន្លែងកើតហេតុ។ បាតុករមួយចំនួន ថែមទាំងបានគប់ដុំថ្មទៅលើកម្លាំងសន្តិសុខថែមទៀតផង។
សូមជម្រាបថា មុនពេលហេតុការណ៍នេះកើតឡើង រដ្ឋាភិបាលបានទទួលនូវព័ត៌មានថា សកម្មភាពបាតុកម្មអាចប្រឈមមុខនឹងការវាយប្រហារ ព្រមទាំងបានក្រើនរំលឹកដល់មេដឹកនាំ ដែលរៀបចំសកម្មភាពបាតុកម្មក្នុងគោលដៅ បញ្ចៀសគ្រោះថ្នាក់ដូចដែលបានកើតឡើងស្រាប់ នេះបើយោងតាមការលើកឡើងរបស់លោក Ashraf Ghani អ្នកនាំពាក្យរបស់ប្រធានាធិបតី អាហ្វហ្គានីស្ថាន។
*មូលហេតុនៃការធ្វើបាតុកម្ម៖
គម្រោងថាមពលអគ្គីសនី ជាមូលហេតុដែលជម្រុញពួក Hazara ធ្វើបាតុកម្មក្នុងរដ្ឋធានី កាប៊ុល។ ខ្សែបណ្តាញចរន្តអគ្គីសនីដែលត្រូវបានគេហៅថា TUTAP ដំបូងឡើយត្រូវបានរដ្ឋាភិបាល សម្រេចដាក់តាមបណ្តោយខេត្ត Bamyan ប៉ុន្តែក្រោយមករដ្ឋាភិបាល បានសម្រេចចិត្តផ្លាស់ប្តូរ ដោយដាក់ខ្សែភ្លើងតាមតំបន់ភាគខាងជើងទីក្រុងកាប៊ុលវិញ ដោយសារផ្លូវនោះមានលក្ខណៈជិតជាង និងអាចសន្សំសំចៃថវិការជាតិបានច្រើន។ ការផ្លាស់ប្តូរគម្រោងនេះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលចាស់របស់ប្រទេស អាហ្វហ្គានីស្ថាន តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដែលការផ្លាស់ប្តូរនេះបានបង្កភាព មិនសប្បាយចិត្តជាខ្លាំងពីសំណាក់ពួកHazara។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានពន្យាពេលនៃសកម្មភាពការងារតភ្ជាប់បណ្តាញថាមពលអគ្គីសនី បន្ទាប់ពីក្រុមជនជាតិភាគតិចទាំងនេះ ទាមទារឲ្យមានការតម្លើងខ្សែភ្លើង ដែលអាចផ្តល់ថាមពល អគ្គីសនីចំនួន ៥០០ គីឡូវ៉ាត់ ឆ្លងកាត់តាមខេត្ត Bamyan ដែលជាខេត្តមានជនជាតិភាគតិច Hazara ច្រើនជាងគេ។ ក្រុមបាតុករបានបញ្ជាក់ថា ការផ្លាស់ប្តូរគម្រោងរបស់រដ្ឋាភិបាល ជាការរើសអើងជាតិសាសន៍ចំពោះពួក Hazara។ បាតុករម្នាក់បានបញ្ជាក់ថា ការធ្វើបាតុកម្មនេះដើម្បីប្រឆាំងសេចក្តីសម្រេចរបស់រដ្ឋាភិបាល ខណៈដែលខេត្តរបស់ពួកគេមិនធ្លាប់ទទួលបាន ការអភិវឌ្ឍន៍អ្វីទាល់តែសោះ។ ការធ្វើបាតុកម្មដោយសន្តិភាពនេះ ធ្វើឡើងដើម្បីឲ្យរដ្ឋាភិបាល ស្តាប់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ក្រុម Hazara បានទាមទារឲ្យមានគម្រោង ថាមពលទំហំធំមួយ ដែលអាចផ្គត់ផ្គង់អគ្គីសនី បានគ្រប់គ្រាន់តាមលំនៅដ្ឋានរបស់ខ្លួន ដែលស្ថិតក្នុងខេត្ត Bamyan ជាខេត្តដែលដាច់ស្រយ៉ាលមួយ ភាគខាងលិច រដ្ឋធានីកាប៊ុល។ បាតុករ បានធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី ដោយបានស្រែកថា «បញ្ឈប់ការរើសអើងជាតិសាសន៍ ហើយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់មានសិទ្ធស្មើគ្នា»។
សូមជម្រាបថា សហគមន៍Hazara មានចំនួន១៥ភាគរយ នៃចំនួនប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ ដែលស្មើនឹងប្រមាណជា៣០លាននាក់។ សហគមន៍របស់ជនជាតិភាគតិចមួយនេះ ត្រូវបានគេចាត់ទុកថា ជាក្រុមដែលមានភាពក្រីក្រជាងគេ ហើយតែងតែត្អូញត្អែរការរើសអើងជាតិសាសន៍។ ខេត្ត Bamiyan ជាដែលខេត្តមានជនជាតិ Hazaras រស់នៅច្រើនជាងគេ តែជាខេត្តដែលមានសន្តិភាព និងមានសក្កដានុពលខ្ពស់ក្នុងនាមជាតំបន់គោលដៅទេសចរណ៍ ។
*វិធានការណ៍៖
មន្ត្រីទូតនានា ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីអាកាសយាន្តដ្ឋាន ទៅកាន់ទីតាំងគោលដៅនានាតាមផ្លូវគោកឡើយ ដោយតម្រូវឲ្យពួកគេធ្វើដំណើរតាមរយៈឧទ្ធម្ភាគចក្រ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាល មានបំណងចង់ជួបជាមួយមេដឹកនាំក្រុមបាតុករ នៅពេលខាងមុខ ព្រមទាំងធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ស្តីពីដំណោះស្រាយបញ្ហាខាងលើផងដែរ។
ចំណែកប្រធានាធិបតីប្រទេស អាហ្វហ្គានីស្ថាន នឹងធ្វើកិច្ចជំនួបជាមួយមេដឹកនាំរបស់ពួក Hazara នៅថ្ងៃសៅរ៍នេះផងដែរ។ គួរបញ្ជាក់ថា មេដឹកនាំក្រុមបាតុករភាគច្រើនមិនបាន បង្ហាញវត្ថមានក្នុងការធ្វើបាតុកម្មនៅថ្ងៃសៅរ៍នេះឡើយ។
កាលពី៣សប្តាហ៍មុន មានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតកើតឡើងដែលបណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់។ ហើយកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ ការបំផ្ទុះគ្រាប់បែកអត្តឃាត មួយករណីទៀត បានកើតឡើង ដោយបណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់ផងដែរ។ ក្រុមតាលីបង់បានប្រកាសថាខ្លួនជាអ្នកបង្កការវាយនេះ តាមរយៈការផ្ញើសារជាអក្សរទៅកាន់ ភ្នាក់ងារសារព័ត៌មាន៕