(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៤៣៩នាក់។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោកឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម តំណាងអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម, លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៥ នៃស្រុកព្រៃឈរ, លោកឧត្តមសេនីយន៍ត្រី សាន សុភា ស្នងការរង ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម, លោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុកព្រៃឈរ, លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកព្រៃឈរ, លោក លោកស្រី គណៈអភិបាលស្រុក ប្រធានការិយាល័យ អង្គភាពចំណុះ និងជុំវិញស្រុក, លោក មេឃុំ នាយប៉ុស្តិ៍រដ្ឋបាល ឃុំទាំង១៥, លោក លោកស្រីអតីតយុទ្ធជន, កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ។

មានមតិសំណេះសំណាលនាឱកាសនោះ លោករដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមន្សរីករាយដែលបានចូលរួមក្នុងពិធីនេះ និងបាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដោយសេចក្តីនឹករឭក ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា និងតែងតែណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាងដល់អតីតយុទ្ធជន។

លោករដ្ឋមន្រ្តី លើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឱ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងាររាជរដ្ឋាភិបាលជាមួយនឹងបងប្អូនអតីតយុទ្ធជន។

លោក ប៉ាន សូរស័ក្តិ បន្តថាក្រោយពីបានស្តាប់របាយការណ៍អំពីសកម្មភាព និងលទ្ធផលធំៗមួយចំនួន របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកព្រៃឈរ និងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ រួចមក លោកបានយល់កាន់តែច្បាស់អំពីទុក្ខលំបាក និងសេចក្តីត្រូវការរបស់អតីតយុទ្ធជន ក៏ដូចជាការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ ចូលរួមដោះស្រាយជាបន្តបន្ទាប់ និងធ្វើសកម្មភាពបម្រើអតីតយុទ្ធជនពីសំណាក់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកព្រៃឈរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានប្រកាសគាំទ្រ និងប្តេជ្ញាខិតខំយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់តាមសារអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងផ្សាភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី និងសូមថ្លែងអំណរគុណចំពោះប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកន្លងមក។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកព្រៃឈរ ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃ ជាពិសេសទប់ស្កាត់មិនឲ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត នាអំឡុងទសវត្សឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨។

លោកបន្ថែមថា សន្តិភាពដែលបងប្អូនទាំងអស់គ្នាបានចូលរួមកសាងនេះហើយ ដែលធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានជោយជ័យជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

នៅកិច្ចបញ្ចប់ លោកបានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ឲ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ និងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា។

សូមជម្រាបជូនថា ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនអតីតយុទ្ធជន ចំនួន៤៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ នាយប៉ុស្តិ៍ ប្រជាការពារ ចំនួន ៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, កងកម្លាំងទាំង ៣ប្រភេទ ចំនួន ៣០ម៉ឺនរៀល, ក្រុមគ្រូពេទ្យ ១០ម៉ឺនរៀល ព្រមទាំងបានប្រគល់អំពូលសូឡា ចំនួន ១០គ្រឿង ដែលជាអំណោយរបស់ លោកអភិបាលស្រុកព្រៃឈរ ផ្ដល់ជូនឃុំថ្មពូន ផងដែរ៕