(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី បានអញ្ជើញសំណេះសំណាល និងជូនដំណើរប្រតិភូផ្លូវការកម្ពុជា ចំនួន២០នាក់ ទៅបំពេញកាតព្វកិច្ចប្រារព្ធបុណ្យហាជ្ជ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា សាសនិកឥស្លាមកម្ពុជាទាំង២០រូបនេះ ទទួលបានការឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ជាភ្ញៀវរបស់ព្រះអង្គ សម្រាប់ឆ្នាំ២០២៣ ដែលនឹងបំពេញកាតព្វកិច្ចបុណ្យហាជ្ជនេះរយៈពេល១៥ថ្ងៃ។

លោកបន្ដថា សាសនិកឥស្លាមកម្ពុជាអញ្ជើញទៅធ្វើបុណ្យហាជ្ជនៅឆ្នាំ២០២៣ សរុបទាំងអស់៩៧៧នាក់ ដោយក្នុងចំណោម៩៧៧នេះ ទទួលបានការឧបត្ថម្ភពីបណ្តាអង្គការសមាគមនានា ចំនួន៣០នាក់ ទទួលបានការឧបត្ថម្ភពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតចំនួន២០នាក់។

ក្រៅពីនេះ គឺទៅតាមរយៈឯកជន៩២៧នាក់ ដោយក្នុងម្នាក់ៗចំណាយថវិកាប្រមាណ ៧,៥០០ដុល្លារ គិតជាទឹកប្រាក់សរុប៦,៩៥២,៥០០ដុល្លារ។ នេះក៏ដោយសារប្រជាពលរដ្ឋមានលទ្ធភាព និងមានជីវភាពធូធារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកំពុងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ហើយបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រកបមុខរបរទទួលទាន។

ជាចុងក្រោយ លោកក៏បានផ្ដាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។

ការទៅធ្វើបុណ្យហាជ្ជ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ត្រូវបានខកខានរយ:ពេល៣ ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ទើបចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២៣នេះ។

គិតត្រឹមថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៣នេះ សាសនិឥស្លាមកម្ពុជាចំនួន៩៤៩នាក់ហើយ បានចេញដំណើរទៅធ្វើបុណ្យហាជ្ជ ខណៈនៅសល់មួយជើងចុងក្រោយចំនួន២៨ នាក់ទៀត ដែលនឹងចេញដំណើរនៅថ្ងៃទី២១ ខែមិថុនា។

គួរបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕