(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូចំនួន២ខ្សែ ប្រវែងសរុប១០,៤៨០ម៉ែត្រ ស្ថិតនៅឃុំពោធិ៍រំចាក និងឃុំចំប៉ា ស្រុកព្រៃកប្បាស ពោលគឺចាយពេលជាង៤ខែ។
លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូចំនួន ០២ខ្សែនេះ គឺជាចំណងដៃមួយថ្មីបន្ថែមទៀត ផ្ដល់ជូនប្រជាពលរដ្ឋទូទៅក្នុងការធ្វើដំណើរ និងសម្រួលដល់ការដឹកជញ្ជូននូវកសិផលនានា ដែលប្រជាពលរដ្ឋដាំដុះផលិតបាន។ លោកបន្តថា សមិទ្ធផលរីកស្គុះស្គាយ ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យ នៅស្រុកព្រៃកប្បាសទាំងមូល មិនអាចកាត់ផ្ដាច់បានឡើយពីការជួយជ្រោមជ្រែង ពីសំណាក់ លោកបណ្ឌិត ពេជ សោភ័ន ស្នាដៃដ៏ធំធេង សមិទ្ធផលរាប់ពុំអស់ បានរីកដុះដាលគ្រប់ឃុំក្នុងស្រុកព្រៃកប្បាសក្រោមការចង្អុលបង្ហាញដឹកនាំរបស់លោកបណ្ឌិត ក្នុងនាមសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស សកម្មភាពដ៏ប្រពៃថ្លៃថ្លានេះប្រជាពលរដ្ឋគ្រប់រូប ចងចាំទុកក្នុងក្រអៅបេះដូង និងដឹងគុណជាពន់ពេក ពុំអាចបំភ្លេចបានឡើយ។ ប្រជាពលរដ្ឋគ្រប់រូបនៅតែបន្តចង់បាននូវសន្តិភាព ចង់ជ្រកក្រោមម្លប់នៃសន្តិភាព មានសន្តិភាពទើបមានអ្វីៗដូចថ្ងៃនេះ។
នាឱកាសនោះ លោកបណ្ឌិត ពេជ សោភ័ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ហេង សួរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពោធិ៍រំចាក មន្ត្រីរាជការ សមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងឃុំ ដោយបានប្រែក្លាយឃុំនេះឱ្យមានការអភិវឌ្ឍរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រ។
លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំក្នុងការកែលម្អហេដ្ឋារចនាសម្ពន្ធនៅគ្រប់មូលដ្ឋានទូទាំងប្រទេស ក្រោមម្លប់សន្តិភាពពេញលេញ។
លោកបណ្ឌិតបន្តថា ក្នុងបរិការណ៍ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានកែលម្អផ្លូវជនបទពីផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវបេតុង ឬផ្លូវចាក់កៅស៊ូ និងបន្តពង្រីកការសាងសង់ផ្លូវបន្ថែមសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍ ការផ្លាស់ប្តូរទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋ។
លោកប្រធានបានផ្តល់ការណែនាំបន្ថែមដល់ក្រុមការងារ ក៏ដូចជាក្រុមប្រឹក្សាឃុំបន្តខិតខំចូលរួមអនុវត្តឱ្យបានជោគជ័យតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយអភិវឌ្ឍន៍ឃុំពោធិ៍រំចាកឆ្នាំ២០២២-២០២៧។ បន្តចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយសំណូមពរ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយផ្តល់អាហារូបករណ៍ដល់កូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាលើមុខជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់សម្រាប់រកការងារធ្វើ ឬប្រកបមុខរបរចិញ្ចឹមជីវិត ជួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។
លោកប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក និងនៅទូទាំងស្រុកព្រៃកប្បាស សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះឆ្នោតគាំទ្រគណបក្សដែលជួយថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យចម្រើនរុងរឿងថែមទៀត គឺគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨៕