(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់ថ្ងៃបុណ្យរ៉ាយ៉ាហាជ្ជី ឆ្នាំ១៤៤៤-២០២៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈដឹកនាំដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។
សេចក្ដីជូនដដែលមានខ្លឹមសារថា ថ្ងៃ១កើត ខែហ្សុលហិជ្ជះ ត្រូវបានកំណត់នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ហើយរាប់ដល់ថ្ងៃបុណ្យរ៉ាយ៉ាហាជ្ជី ឆ្នាំ១៤៤៤-២០២៣ ត្រូវបានកំណត់នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដូច្នេះសាសនិកឥស្លាមទូទាំងប្រទេស ត្រូវគោរពប្រណិបត្តិតាមមូលដ្ឋានរៀងខ្លួនៗឲ្យបានល្អស្របតាមសាសនាឥស្លាម។
សូមជម្រាបថា បុណ្យហាជ្ជីនេះជាបុណ្យដ៏ធំទី២របស់សាសនាឥស្លាម ដែលប្រារព្ធជារៀងរាល់ឆ្នាំ ខណៈទីតាំងប្រារព្វធំបំផុតក្នុងសាកលលោក គឺស្ថិតនៅក្នុងម៉ាស្ជិតចិតអាល់ហារ៉មទីក្រុងម៉ាកកះ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានសាសនិកឥស្លាមទូទាំងសាកលលោកចូលរួមរាប់លាននាក់។ ក្នុងនោះដែរ សាសនិកឥស្លាមកម្ពុជាទៅធ្វើបុណ្យធម្មយាត្រាហាជ្ជនេះ មានចំនួនជាង ១ពាន់នាក់។
ពិធីបុណ្យនេះគេមានកម្មវិធីសំឡេះសត្វពាហៈនៈ សម្រាប់ចែកជូនអ្នកភូមិគ្រប់ៗគ្នា មិនថាអ្នកមាន អ្នកក្រនោះទេ ពោលគឺគ្រប់សាសនិកឥស្លាមទាំងអស់មានសិទ្ធិទទួលបានចំណែកអាហារនេះស្មើៗគ្នា គ្មានការរើសអើងវណ្ណៈ បុណ្យសក្ដិ ឋានៈ តួនាទី ទ្រព្យសម្បត្តិអ្វីឡើយ ពោលគឺស្មើគ្នាចំពោះព្រះភក្រអល់ឡោះជាម្ចាស់។ កាយវិការចែកសាច់គ្នានេះ ជាសប្បុរធម៌ដ៏ទូលំទូលាយ មិនដូចមតិអវិជ្ជមានមួយចំនួនរិះគន់នោះឡើយ ខណៈដែលការសម្លាប់សត្វធ្វើជាចំណីអាហារ បានកើតឡើងជាធម្មតាទូទាំងសាកលលោក តែសម្រាប់បុណ្យហាជ្ជីនេះវិញ គឺចែកសាច់គ្នាដោយឥតគិតថ្លៃក្នុងនាមអល់ឡោះស៊ុបហាណាហ៊ូវាតាអាឡា (ព្រះជាម្ចាស់)៕
សូមអាចសេចក្ដីប្រកាសដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖