(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ថាតើអ្វីទៅជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់?។

សិក្ខាសាលានេះក៏បានរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើត និងចុះបញ្ជី និងបង្កើតទំនុកចិត្ត ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកជំរុញដំណើរការអភិវឌ្ឍន៍គម្រោងធុរកិច្ចនានាក្នុងខេត្ដស្វាយរៀង ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។

ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអញ្ជើញមកពីស្ថាប័ន មន្ទីរ និងអង្គភាពនានានៃរដ្ឋបាលខេត្តស្វាយរៀង សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនបរធនបាល ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក បរធនបាលក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងរូបវន្ដបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ពី ន.ប.ធ៕