(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែមិនអស់ចិត្តនឹងសំណួរ១ឃ្លាដែលខ្មែរក្រហមបានសួរទៅកាន់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍កាលជំនាន់ខ្មែរក្រហម នាអំឡុងឆ្នាំ១៩៧៦ ព្រោះក្រោយពេលសួរប៉ុន្មានថ្ងៃនោះ ពួកខ្មែរក្រហមបែរជានាំភរិយារបស់សម្តេចទៅលុតដំបង្ខំឱ្យធ្វើការជាទម្ងន់ ទាំងមិនដឹងមូលហេតុអ្វីសោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយរឿងអាថ៌កំបាំងក្នុងថ្ងៃរៀបការនៅជំនាន់ខ្មែរក្រហម ដោយអ្នកសាកសួរសម្តេចគឺលោក អ៊ុក ប៊ុនឈឿន ហើយនៅមានជីវិតដល់ពេលបច្ចុប្បន្ន។ សម្ដេចតេជោបានបញ្ជាក់ថា សំណួរដែលខ្មែរក្រហមសួរនោះ «តើសមមិត្តមានលទ្ធភាពកសាងភរិយា ឱ្យក្លាយទៅជាវណ្ណៈអធនបានដែរឬទេ?»។
សម្ដេចតេជោបានបន្តថា អ្នកដែលសួរសំណួរទៅកាន់សម្ដេច និងភរិយានាពេលនោះ គឺជាលោក អ៊ុក ប៊ុនឈឿន ដែលជាប្រធានគណៈកម្មកានីតិកម្មនៃព្រឹទ្ធសភាបច្ចុប្បន្ន ពោលគឺលោកនៅមានជីវិតនៅឡើយ។ ទោះជាយ៉ាងណា សម្ដេចតេជោក៏បានសូមអភ័យទោសពីសំណាក់លោក អ៊ុក ប៊ុនឈឿន ក្នុងការរំឭកអំពីរឿងនេះ ដោយសារនេះជាប្រវត្តិសាស្ត្រពិតជាក់ស្ដែងផង ហើយក៏មានចម្ងល់លើកឡើងទៅកាន់សម្ដេចតេជោផ្ទាល់ ក្នុងពេលខ្សែផលិតភាព យន្តប្រវត្តិសាស្ត្ររឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ដែលកំពុងចាក់ផ្សាយរៀងរាល់ថ្ងៃនេះផងដែរ។
គួរជម្រាបថា ការរំឭករឿងជូរចត់បែបនេះត្រូវបានលើកឡើងក្នុងពិធីរំលឹកពីដំណើរចេញតស៊ូកាលរំដោះប្រជាជនកម្ពុជាកាលពី៤៦ឆ្នាំមុន នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចេជោ ហ៊ុន សែន បានរំឭកថា ក្នុងពេលថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» មានតួអង្គម្នាក់សួរសម្ដេចថា អ្នកដែលសួរសម្ដេចក្នុងថ្ងៃរៀបការកាលពីជំនាន់ខ្មែរក្រហមនោះ គាត់ទៅណាហើយ? សម្ដេចតេជោឆ្លើយវិញថា គាតនៅរស់នៅឡើយទេ កាលសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា សម្ដេចថែមទាំងឱ្យគាត់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បច្ចុប្បន្នជាប្រធានគណៈកម្មកានីតិកម្មរបស់រដ្ឋសភា នោះគឺលោក អ៊ុក ប៊ុនឈឿន។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា កាលពីសម័យខ្មែរក្រហមនោះ គេឱ្យសម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយមនុស្សប្រុសស្រី១២គូទៀតបានរៀបអាពាហ៍ពិពាហ៍ជុំគ្នានៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ សំណួរជាច្រើនត្រូវបានសួរទៅកាន់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយមនុស្សប្រុសស្រី១២គូទៀត ប៉ុន្តែសំណួរដែលសម្ដេចតេជោចងចាំជាងគេ គឺសំណួរសួរថា «តើសមមិត្តមានលទ្ធភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធនបានដែរឬទេ?»។ នេះប្រហែលជាលោក អ៊ុក ប៊ុនឈឿន ឃើញសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានស្បែកសម្បុរស ក៏គិតថាមិនមែនជាកសិករ ឬវណ្ណៈអ្នកក្រនោះឡើយ។
សម្ដេចតេជោបានបន្តទៀតថា ថ្ងៃទី៥ ខែមករា គេឱ្យតម្រូវរៀបការជុំគ្នា, ថ្ងៃទី១២ គេបំបែកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាគ្រូពេទ្យម្នាក់ទៅលើកភ្លឺស្រែ ដូច្នេះតើការបង្ខំឱ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទៅលុតដំនោះ មានការពាក់ព័ន្ធនឹងសំណួរខាងលើដែរឬទេ?
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចេះតែសង្ស័យថា តើមានទំនាក់ទំនងអ្វីរវាងសំណួរនៅថ្ងៃរៀបការ ជាមួយនឹងការយកប្រពន្ធខ្ញុំទៅលុតដំ»។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសោកសង្រេងថា នេះជារសជាតិដែលពីមុនធ្លាប់បែកឪពុកម្ដាយ ជីដូនជីតា បងប្អូន ក៏ប៉ុន្តែថ្ងៃ១២ មករា ១៩៧៦ គឺបែកពីភរិយាដែលទើបនឹងរៀបការថ្មីថ្មោងទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សោកនាដកម្មរបស់សម្ដេច ជាការជំរុញទៅដល់ការរៀបចំ និងសម្រេចថាត្រូវតែផ្ដួលរំលំរបបខ្មែរក្រហម ដើម្បីសង្គ្រោះប្រជាជនកម្ពុជាវិញ៕