(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចតែងតែរំលឹកភាពវេទនា​កាលពីជាង៤០ឆ្នាំមុនប្រាប់ទៅកូនៗ ​ដោយមិនត្រូវឱ្យស្ថានភាពនេះវិលមកគ្របដណ្តប់កម្ពុជាជាថ្មីទៀតនោះឡើយ។

សម្តេចតេជោ ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេច​អញ្ជើញប្រារព្ធខួប ៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចបានរំលឹកថា កាលពីជា៤០ឆ្នាំមុនជីវិតសម្តេចពិតផុយស្រួយណាស់ ហើយអ្វីដែលធ្វើឱ្យសម្តេចក្តុកក្តួលស្ទើរស្រក់ទឹកភ្នែកនោះ ​នៅពេលដែលសម្តេចបានទៅដល់វៀតណាម គេឱ្យបាយទទួលទាន ​ដែលពេលនោះ​លើកស្លាបព្រា​ទទួលទានបណ្តើរទឹកភ្នែក បានស្រក់ធ្លាក់ក្នុងស្លាបព្រាបណ្តើរ ដោយសារតែសម្តេចនឹកបារម្ភពីប្រពន្ធដែលកំពុងពពោះនៅក្នុងប្រទេស ខណៈប្រជាជនទូទាំងប្រទេសកំពុងត្រូវបានគេសម្លាប់​ និងជួបបញ្ហាអត់ឃ្លាន។ ហេតុដូចម្តេចហើយបានជាសម្តេចតែងតែរំលឹករឿងនេះប្រាប់ដល់កូនៗ ដើម្បី​កុំឱ្យស្ថានភាពនេះវិលមកកម្ពុជាម្តងទៀត។

សម្តេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ៊ីចឹងបានជាអ្នកដែលទៅនៅជាមួយខ្ញុំទាំងប៉ុន្មាន ទាំងមេដោះក្តី កូនខ្ញុំ ខ្ញុំតែងប្រាប់កុំឱ្យស្ថិតក្នុងស្ថានភាពដូចពុកឱ្យហើយ ពេលពុកលើកស្លាបព្រាច្រកបាយក្នុងមាត់ទឹកភ្នែកហូរធ្លាក់ ចូលក្នុងស្លាបព្រា ដោយសារនឹកដល់ម៉ែកូនឯងកំពុងតែមានផ្ទៃពោះ នឹកដល់ប្រជាជនកម្ពុជាដែលកំពុងត្រូវគេសម្លាប់ ត្រូវអត់ឃ្លាន ចឹងត្រូវយល់អារម្មណ៍អ្នកដែលមកនៅជាមួយយើង ជួនកាលគ្នាមានប្តី មានកូននៅឯផ្ទះ មានម្តាយចាស់នៅឯផ្ទះ អ៊ីចឹងយើងត្រូវជួយអ្នកដែលមកនៅជាមួយផ្តល់ឱ្យទៅអ្នកដែលនៅផ្ទះផង។ ដោយសារដិតដាមទៅដោយអារម្មណ៍ឈឺចាប់ដែលវាធ្លាប់បានធ្លាក់មកលើខ្លួន ខ្លួនក៏ត្រូវយកបទពិសោធនេះ ដើម្បីជួយទៅដល់​អ្នកដទៃ រឿងរ៉ាវទាំងនេះ វាបានកើតមកចំពោះខ្ញុំ ប៉ុន្តែវាជាកុសល្យមួយដែរ ដែលផ្តល់ឱ្យខ្ញុំចេះដឹង យល់ដឹង និងអាចបង្កើតនូវស្ថានភាពធ្វើឱ្យជីវិតរបស់ខ្ញុំមិនឃ្លាតឆ្ងាយពីអតីតកាល ទោះបីថាប្រឹងបំភ្លេចវា ក៏ប៉ុន្តែបំភ្លេចបាន​នៅចំណុចណា ហើយបំភ្លេចមិនបានទៅលើចំណុចណា?​ ​​អ្នកដែលទទួលផលក្រោយ ខ្ញុំគិតថាពួកគេមានសំណាង ប៉ុន្តែសំណាងនោះ យើងក៏ត្រូវមានកាតព្វកិច្ចឱ្យពួកគេទទួលបានផលពីសំណាងពីការលំបាក ពីពលីកម្មរបស់យើង»

សម្តេចមានប្រសាសន៍បន្តថា រឿងដែលបានតភ្ជាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៩៧​ រហូតមកដល់បច្ចុប្បន្ននេះ ​មិនគ្រាន់ត្រឹមតែថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ទេ ​ស្ថានភាពវាបានតភ្ជាប់មកដល់បច្ចុប្បនេះតែម្តងសម្រាប់ប្រទេស​កម្ពុជា ដែលពីប្រទេសជួបអំពើប្រល័យពូជសាសន៍ មកដល់ប្រទេសមួយដែលកំពុងឈានឆ្ពោះទៅរកប្រទេសចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឈានឆ្ពោះទៅរកប្រទេសមួយដែលមាន​ប្រាក់ចំណូលខ្ពស់​នៅឆ្នាំ២០៥០។

សម្តេចលើកឡើងថា អ្វីដែលសម្តេចបានលះបង់ មិនមែន​ជាផលប្រយោជន៍របស់​សម្តេចទេ គឺជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេលគម្រប់៤៦ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី ៤៥ឆ្នាំមុននោះ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន។

ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរបានមើលឃើញ ប្រសិនបើគ្មានការចាប់ផ្តើមចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនខ្មែរស្នេហាជាតិ នាំគ្នាងើបប៉ះបោររំដោះជាតិឡើងទេនោះ ជាតិ និងប្រជាជនកម្ពុជា គ្មានឱកាសរួចផុតពីរបបដ៏ប្រល័យរបស់ ប៉ុល ពត នោះឡើយ៕