(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូកាយរឹទ្ធិ ជាតិកម្ពុជា ចំនួន៤៧នាក់ ដែលនឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ នៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកស្រីអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថា ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី ដែលការបោះជំរំនេះគឺ ធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។ ក្នុងនាមជាឧត្តមទីប្រឹក្សា របស់សមាគមកាយរឹទ្ឋជាតិកម្ពុជា លោកស្រីបានអះអាងថា ការបោះជំរំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗ ជាពិសេសបានផ្លាស់ប្តូរបទពិសោធន៍ អោយគ្នាទៅវិញទៅមក ដោយបេសកកម្មនេះគឺមានគោលបំណង អភិវឌ្ឍ និងផ្តល់ថាមពលដល់យុវជនទាំងអស់ ដើម្បីក្លាយជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ។

លោកស្រីបញ្ជាក់ថា សមាគមកាយឫទ្ឋិនារីកម្ពុជា គឺបានផ្តល់ទិសដៅដូចគ្នាទៅលើ កុមារី និងយុវតី ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក។ ថ្មីៗនេះដែរសមាគមកាយរឹទ្ធិជាតិ ក៏បានធ្វើការបោះជំរំនៅខេត្តកំពង់ធំ ដែលបានអនុញ្ញាតឱ្យ សមាគមកាយឫទ្ធិនារីកម្ពុជាបានចូលរួមផ្លាស់ប្តូរយកបទពិសោធន៍។

លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិកកាយរឹទ្ឋជាតិកម្ពុជា ដែលបានផ្តល់ឱកាស និងការទុកចិត្ត បោះឆ្នោតគាំទ្រលោកជំទាវ ជាឧត្តមទីប្រឹក្សារបស់សមាគមកាយរឹទ្ឋជាតិកម្ពុជា ក្នុងការចូលបរួមណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

នៅក្នុងកម្មវិធីនៃការជួបសំណេះសំណាលនេះដែរ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ឋិជាតិកម្ពុជា ក៏បានចូលរួមសំដែងការស្វាគមន៌យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ដោយលោកជំទាវបានបញ្ជាក់ថា ការបោះជំរំកាយរឹទ្ធិ គឺការប្រមូលផ្ដុំកុមារ-យុវជន ជាសមាជិក នៃចលនាកាយរឹទ្ធិជាតិដ៏ច្រើនកុះករ មកពីគ្រប់ទិសទី ដើម្បីធ្វើសកម្មភាពរួមគ្នា។

លោកស្រីថា គោលបំណង គឺរួមចំណែកក្នុងការអភិវឌ្ឍ កុមារ និងយុវជន ឱ្យមានសក្ដានុពលភាពពេញលេញខាង ផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកក្នុងសហគមន៍ តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ។

សូមជម្រាបថា បច្ចុប្បន្ន កាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុបចំនួន ១៧១,១៣៥ នាក់ ស្រី៤៩ភាគរយ។ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ កាយរឹទ្ធិជាតិកម្ពុជា ចំនួន ៤៧នាក់ ត្រូវអញ្ជើញចូលរួមបោះជំរំកាយរឹទ្ធិពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍ អោយគ្នាទៅវិញទៅមក ដើម្បីឲ្យក្លាយជាយុវជនល្អ ជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ៕