(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា សម្តេចចាប់ផ្តើមសង្ស័យលើសកម្មភាពរបស់ខ្មែរក្រហមតាំងពីខែកញ្ញា ឆ្នាំ១៩៧៤។
ថ្លែងពេលអញ្ជើញជាអធិបតីក្នុងពិធីរំលឹកដល់ថ្ងៃនៃដំណើរចេញតស៊ូកាលពី ៤៦ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការសង្ស័យនោះ ដោយឮសម្តីមេបញ្ជាការមួយរូបនិយាយ ពីភាពស្មើគ្នានៃការរស់នៅរបស់ ប្រជាពលរដ្ឋ។ សម្តេចតេជោ បានថ្លែងបន្ថែមថា នៅពេលនោះ សម្តេចក៏បានសង្ស័យអំពី «លេខ៨៧០» និងឈ្មោះ «ប៉ុល»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សំឡឹងមើលទៅអតីតកាល។ ថ្ងៃនេះ ជាថ្ងៃខ្ញុំលំបាកបំផុត កាលពី ៤៦ឆ្នាំមុន។ មិនមែនយើងសម្រេចភ្លាម ធ្វើភ្លាមទេ។ ខ្ញុំចាប់ផ្តើមមានការសង្ស័យទៅលើពួកខ្មែរក្រហម តាំងពីខែកញ្ញា ឆ្នាំ១៩៧៤ ឯណោះ។ នេះជាការចាប់ផ្តើមការសង្ស័យ នៅពេលដែលគេបញ្ជូនកម្លាំងរបស់ខ្ញុំ ទៅការពារកោះសំរោង នៅខាងលើខេត្តកំពង់ចាម»។
សូមជម្រាបថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេល៤៦ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។
២០ មិថុនា ១៩៧៧ ជាថ្ងៃដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ និងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត៕