(កំពង់ចាម)៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយអាជីវករផ្សារផ្អាវជិត ៤០០នាក់ លោក ឡេង តុង អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំផ្អាវ តំណាងលោក ហេង សួរ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំផ្អាវ បានសម្ដែងមនោសញ្ចេតនារីករាយ ដោយបានជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករផ្សារផ្អាវទាំងអស់។

លោក ឡេង តុង គូសបញ្ជាក់ថា ខណៈពេលដែលប្រទេសជាតិមានស្ថេរភាពនយោបាយ សេដ្ឋកិច្ចមានការរីកលូតលាស់ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារ នោះពិតជាបងប្អូនអាជីវករផ្សាររបស់យើងអាចប្រកបរបរអាជីវកម្មមានភាពប្រសើរ។ លោក ឡេង តុង បន្តថា បើសិនជាប្រទេសយើងពុំមានសន្តិភាព ពិតណាស់ យើងនឹងពុំមានផ្សារសម្រាប់លក់ដូរ ហើយផ្សារនេះទៀតសោតនឹងត្រូវបំផ្លិតបំផ្លាញដែលបង្កឡើងដោយភ្លក់ភ្លើងសង្រ្គាម ព្រាត់ប្រាសក្រុមគ្រួសារ ជារួមគ្រប់យ៉ាងត្រូវបំផ្លាញគ្មានសល់អ្វីឡើយ។

លោក ឡេង តុង បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំជាងគេ ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបាន កសាង និងសម្រេចបាននូវសមិទ្ធផល ជាប្រវត្តិសាស្រ្តយ៉ាងច្រើន សម្រាប់បុព្វហេតុជាតិ និងផលប្រយោជន៍ របស់ប្រជាជនកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវដឹងគុណ និងត្រូវបន្តនាំគ្នាការពារសមិទ្ធផលទាំងនេះ ឲ្យស្ថិតនៅគង់វង្ស សម្រាប់កូនចៅរបស់ យើងជំនាន់ក្រោយៗទៀត។ សមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជា គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។

លោកបានបន្តទៀតថារយៈពេលជាង ៤០ ឆ្នាំនេះ ការដឹកនាំប្រទេសកម្ពុជា គឺមិនអាចខ្វះបានទេ ពីការលះបង់របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ពីព្រោះ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល និងជាប្រវត្តិសាស្រ្ត ក្នុងការផ្សះផ្សារ និងបង្រួបបង្រួមប្រទេសជាតិ ឲ្យរួបរួមគ្នាតែមួយក្រោមដំបូលសន្តិភាពរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងអស់ ត្រូវសម្រេចចិត្ត ក្នុងការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន។

គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលើលេខរៀង ១៨ ចុងក្រោយគេបង្អស់នៃសន្លឹកឆ្នោត៕