(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក TSUTSUI HIROKI អគ្គស្នងការរងនគរបាលជាតិជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោក TSUTSUI HIROKI បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលទាំងពីរ ជាពិសេសតាមរយៈការរៀបចំឲ្យមានអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការគ្នា ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាលផងដែរ៕