Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលស្រុកកោះធំ បើក​ប្រតិបត្តិការ​បង្ក្រាប​ជនជាតិវៀតណាម​នេសាទ​ខុសច្បាប់ ឃាត់ខ្លួន​១២នាក់ ដកហូត​ទូក​៨គ្រឿង​

24-07-2016 08:46

(កណ្តាល)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ខេត្តកណ្តាល សហការជាមួយប៉ុស្តិ៍រដ្ឋបាល បានបើកប្រតិបត្តិការ ចេញបង្ក្រាបការនេសាទខុសច្បាប់ លើដែនទឹករបស់កម្ពុជា ពីសំណាក់ជនជាតិវៀតណាមមួយក្រុម ដោយបានឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ ក្នុងនោះស្រី៥នាក់ ដកហូតទូកនេសាទ៨គ្រឿង និងឧបករណ៍នេសាទមួយចំនួនធំផងដែរ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ដោយពួកវៀតណាមទាំងនោះ បានលួចចូលមកនេសាទ គ្មានច្បាប់ទម្លាប់នោះឡើយ។

លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ដែលដឹកនាំកម្លាំងនគរបាលចុះ ទៅបង្ក្រាបករណីនេះ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះថា «ក្រោយទទួលព័ត៌មានពីមូលដ្ឋាន ស្តីពីការនេសាទខុសច្បាប់ របស់ជនជាតិវៀតណាមមួយក្រុម នៅលើដែនទឹកកម្ពុជាដោយខុសច្បាប់នោះ យើងបានចុះមកភ្លាម ដោយធ្វើការឃាត់ពួកគេចំនួន១២នាក់ ទូកនេសាទ៨គ្រឿង អមដោយឧបករណ៍សម្ភារនេសាទមួយចំនួនទៀត»

នៅចំពោះមុខជនជាតិវៀតណាមទាំងនេះ លោកអធិការបានប្រាប់ទៅពួកគេថា បើចង់ចូលទឹកដីកម្ពុជា ត្រូវបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវ តាមច្បាប់ពីអាជ្ញាធរ និងមន្រ្តីជំនាញ។ វៀតណាមត្រូវតែគោរពកម្ពុជា ហើយកម្ពុជាក៏គោរពវៀតណាមផងដែរ។

បើតាមអធិការនគរបាលវ័យក្មេងរូបនេះ លោកនឹងបន្តប្រតិបត្តិការជាប្រចាំ មិនអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកនេសាទ រស់នៅ និងធ្វើការខុសច្បាប់នោះឡើយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចខេត្តតាកែវ មានជលផលនិងយោធា បានបង្ក្រាបជនជាតិវៀតណាមមួយក្រុម ចូលមកនេសាទខុសច្បាប់ នៅស្រុកបូរីជលសារ រហូតមានការបាញ់ប្រហារការពារខ្លួន ពីការដេញវាយរបស់ជនជាតិវៀតណាម ដែលបណ្តាលឲ្យស្លាប់ និងរងរបួសទៀតផង៕