(កំពង់ស្ពឺ)៖ បុរសពិការដៃទាំងសងខាងដោយសារតែឆក់ខ្សែភ្លើង ចំណែកប្រពន្ធមានផ្ទៃពោះ៧ខែ រស់នៅក្នុងខ្ទមកំសត់ រស់នៅជួបការលំបាក រកមុខខ្វះក្រោយ ជាងគ្មានព្យាបាលព្យាបាលជំងឺ ថែមទាំងបារម្ភអំពីបញ្ហាកូនរៀនសូត្រផងដែរ ។

ជួបជាភ្នាក់ងារ Fresh News នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បុរសជាប្តីបានប្រាប់ថា គាត់ជាជនពិការដៃទាំងសងខាង ដោយសារតែខ្សែភ្លើងឆក់ មានឈ្មោះ ប៉ុន ពិសី ៣៣ឆ្នាំ (មុខរបរជាងដែក) រស់នៅក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានប្រពន្ធមានឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មុខរបរកម្មារិនីរោងចក្រយីហោ( វិនធូរ៉ា) ផ្នែកជំនាញបិតកាវ កាបូប បច្ចុប្បន្ននាងមានផ្ទៃពោះ៧ខែ និងមានកូនស្រីម្នាក់អាយុ៧ឆ្នាំ នៅក្នុងបន្ទុកកំពុងរៀន។

គាត់បានរៀបរាប់បន្តថា ក្រោយពីត្រូវឆក់ខ្សែភ្លើងកាត់ដៃទាំងពីរ ពិការអស់មួយជីវិត រូបលោក និងក្រុមគ្រួសារជួបការលំបាកយ៉ាងខ្លាំង ហើយពេលខ្លះក៏មានខាងអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក នាំអំណោយយកមកឲ្យដែរ តែបានត្រឹមដោះទាល់ទេចំណែកគ្រួសារត្រូវចំណាយលើការព្យាបាល កូនរៀន ហូបចុកក្នុងគ្រសារជួបការលំបាកណាស់។ ជាមួយគ្នាប្រពន្ធនាងមានផ្ទៃពោះចំនួន៧ខែ ហើយត្រូវមើលថែកូនស្រី អាយុ៧ឆ្នាំថែមទៀត បើទោះបីនាងធ្វើជាកម្មារិនីរោងចក្រក្តី។

បុរសជាប្តីរៀបរាប់បញ្ជាក់ថា សព្វថ្ងៃរស់នៅក្នុងផ្ទះសភាពទ្រុឌទ្រោម រហែកជញ្ជាំងដែលធ្វើពីស្លឹកត្នោត ពេលភ្លៀងធ្លាក់ត្រូវរត់ទៅជ្រកក្រោមផ្ទះប្អូននៅក្បែរគ្នានោះ។

ដោយសារតែប្តីជួបគ្រោះកំណាចនេះ ប្រពន្អបានសុំច្បាប់រោងចក្រ ចំនួន២ខែដើម្បីមកមើលថែទាំប្តី មើលថែសព្វគ្រប់ តាំងពីបញ្ចុកបាយ ងូតទឹក ដុសក្អែល ដូរសំលៀកបំពាក់។ល។ ហើយតាំងពីគាត់ជួបគ្រោះថ្នាក់មកសម្រាកនៅមន្ទីរពេទ្យលោកសង្ឃរយៈពេលមួយខែពេញចំណាយលុយជិត១ម៉ឺនដុល្លារអាមេរិក បង្ខំចិត្តលក់សម្ភារៈ ដីធ្លី និងម៉ូតូ ដើម្បីព្យាបាលប្តី អស់ស្ទើគ្មានអ្វីឡើយ ៕