(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បានទទួលជួបពិភាក្សាការងារជាមួយ លោក Xu Bu ប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិចិន និងជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ជាពិសេស រកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាស៊ាន និងចិន នៅក្នុងវិស័យដូចជា ការអប់រំ ការតភ្ជាប់ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

បន្ទាប់មកលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទាំងគំនូរនៃកម្មវិធី ASEAN Artists Residency Programme លើកទី ៥ ដោយលោក ស្រ៊ុន រីដា  វិចិត្រករមកពីប្រទេសកម្ពុជា បានបង្ហាញពីគំនូររបស់គាត់នៅ ASEAN Gallery។ លោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរ លោក ស្រ៊ុន រីដា ដែលបានផ្សាភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍សិល្បៈក្នុងស្រុក នៃការស្នាក់នៅរយៈពេល ១ ខែ របស់គាត់នៅប្រទេសឥណ្ឌូណេស៊ី និងបានលើកទឹកចិត្តឱ្យគាត់បន្តខិតខំប្រឹងប្រែងការងារគំនូរនេះតទៅទៀត។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយ លោក Jayant N. Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា នៅក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ព្រមទាំងបានពិភាក្សាការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រមខុរដ្ឋ/រដ្ឋាភិបាលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) លើកទី ២៣ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៅដើមខែក្រោយ។

នៅថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Yu Honghui សមាជិកគណបក្សកុម្មុយនិស្តចិន និងជាប្រធានក្រុមហ៊ុន China Forestry Group Corporation (CFGC)។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រៃឈើ ជាពិសេស ការគ្រប់គ្រងរុក្ខាប្រមាញ់ប្រកបដោយចីរភាព ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការលើកកម្ពស់រុក្ខាប្រមាញ់អាស៊ាន៕