(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ សូមប្រកាសច្រានចោលព័ត៌មានថា អាជ្ញាធរមានការហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលរួម និងមានការកត់ឈ្មោះទើបចូលរួមហែសពលោក កែម ឡី នៅព្រឹកថ្ងៃអាទិត្យនេះ, លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា អាជ្ញាធរមានភារកិច្ចតែមួយគត់គឺការពារសន្តិសុខជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ សូមប្រកាសបដិសេធចំពោះព័ត៌មានមួយចំនួន ដែលបាននិយាយបំភ្លើសការពិតរបស់ជនអគតិមួយចំនួន ដែលបំប៉ោងព័ត៌មានខុសការពិត។ លោកបានបន្តថា វាទង្វើមួយបង្កភាពចលាចលក្នុងសន្តិសុខសង្គមកម្ពុជា។
សូមជំរាបថា នៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានគណៈកម្មការរៀបចំបុណ្យសព ដង្ហែចេញពីកន្លែងតម្កល់ នៅក្នុងវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរថយន្តយកទៅបញ្ចុះ នៅស្រុកកំណើតរបស់លោក ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ៕