(ភ្នំពេញ)៖ លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងទទួលបាននូវហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការបន្ថែមទៀតពីជប៉ុន តាមរយៈការកែសម្រួលគោលនយោបាយថ្មីខាងលើនេះ ហើយភាគីជប៉ុនក៏សូមស្វាគមន៍នូវមតិយោបល់ និងធាតុចូលពីភាគីកម្ពុជាផងដែរ។

ការអះអាងនេះ ធ្វើឡើងក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ជប៉ុន ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូតជប៉ុន UENO Atsushi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យលើគ្រប់វិស័យ និងបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងស្ថាប័ននានា ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែបានផ្តល់នូវការគាំទ្រ និងកិច្ចសហការយ៉ាងល្អ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសថ្មីៗនេះ ពាក់ព័ន្ធនឹងកិច្ចការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (Cambodia-Japan Digital Manufacturing – CJDM) ។ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញឌីជីថលកម្រិតខ្ពស់ រួមជាមួយនឹងបច្ចេកវិទ្យាទំនើបឈានមុខ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០។

លោកឯកអគ្គរាជទូតជប៉ុន ក៏បានជម្រាបជូនផងដែរ អំពីការកែសម្រួលធម្មនុញ្ញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (Development Cooperation Charter) របស់ជប៉ុន ដើម្បីសម្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងដោះស្រាយបញ្ហាជាសកលនានា ដែលកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាលប្រទេសកំពុងអភិវឌ្ឍន៍។ ម្យ៉ាងវិញទៀត, ការកែសម្រួលនេះ ក៏មានគោលដៅជំរុញកំណើន ប្រកបដោយគុណភាព, ការរួមចំណែកដល់សន្តិភាព, ស្ថេរភាព, វិបុលភាព និងសន្តិសុខមនុស្សជាតិក្នុងយុគសម័យថ្មី  ក្រោមចក្ខុវិស័យនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហរ (Free and Open Indo-Pacific-FOIP)។

លោក វង្សី វិស្សុត បានសម្តែងនូវការអបអរសាទរ និងជូនពរដល់លោកឯកអគ្គរាជទូតជប៉ុន UENO Atsushi សូមទទួលបានជោគជ័យ នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។

លោកបានបន្តថា ជប៉ុនជាមិត្តដ៏ល្អ, ជិតស្និត និងស្មោះត្រង់របស់កម្ពុជា ក្នុងគ្រប់កាលៈទេសៈ។ កម្ពុជា-ជប៉ុនមានចំណងទាក់ទងដ៏យូរលុង ហើយឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ ឆ្នាំ នៃចំណងការទូតរវាងប្រទេសយើងទាំងពីរ។ បច្ចុប្បន្ន, ទំនាក់ទំនង និងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយត្រូវបានដំឡើងកម្រិត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

លោក វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលនៃការស្តារ និងអភិវឌ្ឍន៍កម្ពុជា តាមរយៈ ការផ្តល់ជំនួយអភិវឌ្ឍន៍ ដែលមានទាំងផ្នែកហិរញ្ញប្បទាន និងទាំងផ្នែកបច្ចេកទេស ក៏ដូចជាការវិនិយោគផ្ទាល់ (FDI)។

លោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយបង្កើតរមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ និងជំរុញលើវិស័យនេះយ៉ាងខ្លាំង។

លោកក៏បានស្នើដល់ភាគីជប៉ុនបន្តជួយអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ពិសេសការបណ្តុះបណ្តាលជំនាញ ប្រកប ដោយគុណភាព និងឆ្លើយតបទៅនឹងតម្រូវការនៃឧស្សាហកម្មកម្ពុជា និងការកសាង និងអភិវឌ្ឍសមត្ថភាពក្នុងវិស័យសាធារណៈ ដើម្បីឱ្យវិស័យសាធារណៈកម្ពុជា កាន់តែមានសមត្ថភាពខ្លាំងពូកែ, កាន់តែឆ្លាតវៃ និងស្អាតស្អំ។

លោក វង្សី វិស្សុត ក៏បានស្នើដល់ភាគីជប៉ុនពិនិត្យលទ្ធភាពរៀបចំនូវកិច្ចសន្ទនាគោលនយោបាយ (Policy Dialogue) រវាងប្រទេសទាំងពីរ ដើម្បីកំណត់ នូវគោលជំហររួមគ្នា (Common ground) ពាក់ព័ន្ធនឹងការប្រើប្រាស់ជំនួយអភិវឌ្ឍន៍ផ្លូវការពីជប៉ុន ក៏ដូចជាដើម្បីសម្រប និងបន្សីគ្នារវាងគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍថ្មីរបស់ជប៉ុន ជាមួយនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ក្នុងគោលដៅដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា-ជប៉ុន កាន់តែរឹងមាំ, ស៊ីជម្រៅ, គ្រប់ជ្រុយជ្រោយ និងយូរអង្វែង ហើយអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត និងឯកអគ្គរាជទូតជប៉ុន UENO Atsushi ក៏បានធ្វើការពិភាក្សាផងដែរ អំពីការវិនិយោគរបស់ធុរជន និងវិនិយោគិនជប៉ុននៅកម្ពុជា។ ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរនូវទស្សនៈមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការចូលរួមកែលំអរបរិស្ថានវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក៏ដូចជាតម្រូវការចង់បានរបស់វិនិយោគិន និងធុរជនជប៉ុន ដើម្បីទាក់ទាញ និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ប្រទេសជប៉ុន បានសន្យាផ្តល់ថវិកា (Commitment) ទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់ គម្រោង អភិវឌ្ឍន៍ នានា នៅកម្ពុជា សរុបចំនួនប្រមាណជាង ៦ ២០០ លានដុល្លារអាមរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានចំនួន ប្រមាណជាង ៣ ៧០០ លានដុល្លារអាមេរិក និងឥណទានសម្បទានមានចំនួនប្រមាណ ២ ៥០០ លានដុល្លារអាមេរិក៕