(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្ដល់ឋានៈលោក គង់ រ៉ៃយ៉ា ជាទីប្រឹក្សាអមក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សូមជម្រាបថា លោក គង់ រ៉ៃយ៉ា ដែលជាសកម្មជនដ៏សកម្មរបស់បក្សប្រឆាំង បានសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជនរស់ដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្រោយក្លាយជាសមាជិកគណក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាអតីតបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន បានចេញវីដេអូថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្រកាសប្តេជ្ញាចិត្តរកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ រ៉ៃយ៉ា ថែមទាំងអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជានិរន្តរ៍ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Telegram បានអរគុណលោក គង់ រ៉ៃយ៉ា ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន៕