(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញអធិបតីដឹកនាំប្រជុំបូកសរុបរបាយការណ៍ ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យមន្ត្រីឱ្យបន្តចុះមូលដ្ឋានជាបន្តទៀត ក្រោយការបោះឆ្នោតរួចហើយ រហូតដល់រាជរដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែងហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ចំណុចនេះខ្ញុំសុំបញ្ជាក់ទុកឱ្យហើយ ពីនេះទៅដល់ការបោះឆ្នោតត្រូវតែធ្វើសកម្មភាព ពេលបោះឆ្នោតយើងត្រូវធ្វើដំណើរការគោរពតាមវិធាននៃការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតទៅហើយត្ រូវចាំរាជរដ្ឋាភិបាលនេះអស់តំណែងនៅពេលដែលរាជរដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែងថ្មីហើយ យើងអស់ហើយចឹងត្រូវចាំកន្លែងនឹង»

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា ពីពេលនេះដល់ថ្ងៃយុទ្ធនាការបោះឆ្នោតសម្តេចនឹងធ្វើសកម្មភាពរហូត និងផ្អាកតែថ្ងៃចាប់ផ្តើមបើកយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែចាប់ពីថ្ងៃទី២៧ ខែកក្កដាទៅ សម្តេចនឹងបន្តចុះជួបជាកម្មករចំនួន១០លើកបន្ថែមទៀត ព្រោះកិច្ចការនេះវាត្រូវដើរទៅពិនិត្យនូវអ្វីដែលរាជរដ្ឋាភិបាលសម្រេចបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមដែរថា ក្រុមការងារចុះមូលដ្ឋានទាំងអស់ គឺដាច់ខាតមិនត្រូវបោះបង់តួនាទីរបស់ខ្លួននៅក្នុងអណត្តិដែលខ្លួនមាននោះទេ ហើយសមាជិករដ្ឋសភាក៏ដូចគ្នាដែរ នៅក្នុងរដ្ឋធម្មន្នុញ បានចែងច្បាស់សភាមានអណត្តិ ៥ឆ្នាំ ហើយសភាមិនរំលាយមុនអណត្តិរបស់ខ្លួនបាននោះទេ លើកលែងតែសភា រំលាយរដ្ឋាភិបាល២ដង ហើយសភានឹងអស់អំណាចនៅពេលដែលសភាថ្មីចូលកាន់តំណែង ដូចនេះហើយត្រូវកំណត់ពីតួនាទីរបស់យើងឱ្យបានច្បាស់ ដើម្បីយើងធ្វើសកម្មភាពបន្តទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា បន្ទាប់ពីចូលកាន់តំណែងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងពិនិត្យរៀបចំកែរសម្រួលសមាសភាពក្នុងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលរដ្ឋារាជធានី-ខេត្ត ឱ្យបានសមស្រប និងបន្តដាក់ចេញនូវគោលការណ៍ និងវិធានការនានា ដើម្បីបន្តពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពក្រុមការងារចុះមូលដ្ឋានបន្តទៀត តាមរយៈការត្រួតពិនិត្យនិងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ នឹងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕