(ភ្នំ​ពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋាន តាំងពីឆ្នាំ១៩៨២ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍​ប្រចាំ ​អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែ​ន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានពង្រាយមន្ដ្រីរបស់យើង ចុះមូលដ្ឋានតាំងពីឆ្នាំ១៩៨២ ពេលខ្លះយើងបញ្ជូនមន្ដ្រីរបស់យើង គឺជាអភិបាលរងស្រុក ឬក៏ជាប្រធានស្រុក [...] នៅពេលនោះ សូម្បីតែមន្ដ្រីការទូត មុននឹងបញ្ចូនទៅធ្វើទូត គឺត្រូវចុះមូលដ្ឋាន»

សម្ដេចតេជោ ហ៊ុន សែន​ បានបន្ថែមថា ទាកទិននឹងការអនុវត្ដ ការផ្ដល់អំណោយទៅដល់មូលដ្ឋាន គឺមានតាំងពីដំណាក់កាលមុន ប៉ុន្ដែត្រូវបានបំផ្លាញទៅដោយអ្នក ដែលមានចេតនាបំផ្លាញ ដែលយើងត្រូវធ្វើឡើងវិញ អំពីបញ្ហាការប្រគល់អំណាច ទៅឲ្យមូលដ្ឋាន។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ ពួកគេមានចេតនា ដើម្បីធ្វើឲ្យមូលដ្ឋាន ដោយសូម្បីតែខេត្តមួយ ក្នុងមួយខែ មានប្រាក់ត្រឹមតែ១លានរៀន តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមការងារថ្នាក់ជាតិ មិនបានធ្វើឲ្យបាត់បង់ការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាននោះឡើយ៕