(ភ្នំពេញ)៖ ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត មិនត្រឹមតែជាការធ្វើកំណែទម្រង់សម្រាប់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោតប៉ុណ្ណោះទេ តែក៏ជាវិធានការមួយ ដើម្បីការពារដំណើរការបោះឆ្នោតទាំងមូលដ្ឋានឲ្យប្រព្រឹត្តទៅដោយរលូនត្រឹមត្រូវតាមច្បាប់ និងការពារកុំឲ្យមានជនណាមួយមកបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញអធិបតីដឹកនាំប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងបានធ្វើវិសោធនកម្មច្បាប់ ហើយវិសោធនកម្មនោះទៀតសោតវិសាលភាពរបស់វា មិនមែនគ្រាន់តែត្រឹមកែទម្រង់នៃអ្នកឈរឈ្មោះឲ្យគេបោះឆ្នោតទេ ប៉ុន្ដែយើងត្រូវតែមានវិធានការមួយចំនួន ដើម្បីការពារសម្រាប់ដំណើរការបោះឆ្នោតទាំងមូល តាំងពីការចុះឈ្មោះ និងកិច្ចការផ្សេងៗ ដែលទាក់ទងការបោះឆ្នោត កុំឲ្យជនណាបំផ្លាញនូវលទ្ធប្រជាធិបតេយ្យក្នុងប្រទេសយើងបាន»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, នៅថ្ងៃទី២៣ ខែមិថុនាខាងមុខ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នឹងទៅការពារវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងច្បាស់ៗទៀតថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ នឹងចូលជាធរមានឆាប់ៗនាពេលខាងមុខនេះ។ ហើយសម្ដេចក៏ចង់ដឹងដែរថា តើក្រុមប្រឆាំងជ្រុលនិយមទាំងអស់នោះ នឹងធ្វើសកម្មភាពអ្វីបន្ដទៀត? ខណៈសម្ដេចទើបទទួលបានព័ត៌មានពីកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រឆាំងនៅរាជធានីភ្នំពេញ ដោយមេកើយរបស់គេបង្គាប់ឲ្យស្ងាត់សកម្មភាពឈប់និយាយអ្វីទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការធ្វើពហិការមិនចូលរួមការបោះឆ្នោតរបស់អ្នកដែលជឿតាមការញុះញង់របស់ក្រុមត្រកូលក្បត់ជាតិ៣ជំនាន់ ស្មើនឹងសម្លាប់ជីវិតនយោបាយរបស់ខ្លួនឯងតែប៉ុណ្ណោះ។ សម្ដេចបានគូសបញ្ជាក់ថា ក្នុងករណីអ្នកទាំងអស់នោះ មិនបានបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខទេ ច្បាស់ណាស់នឹងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនៅឆ្នាំ២០២៨បានឡើយ ព្រោះលក្ខខណ្ឌសម្រាប់ឈរឈ្មោះតំណាងរាស្ដ្របានទាល់តែអ្នកនោះបោះឆ្នោតសកលបានពីរដង។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាពង្រឹង និងចាត់វិធានការរារាំងស្របតាមច្បាប់ ដើម្បីការពារ រារាំងគ្រប់សកម្មភាពដែលប៉ុនប៉ង់បំផ្លាញ ឬបង្កបាតុភាពផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការអនុគ្រោះឲ្យក្រុមអ្នកនយោបាយប្រឆាំង ប៉ុន្ដែការដើរហួសបន្ទាត់ក្រហម គឺគ្មានជម្រើសអ្វីក្រៅពីវិធានការច្បាប់នោះទេ។ ក្នុងករណីអនុវត្តច្បាប់ហើយ នៅតែប្រព្រឹត្តផ្ទុយទៀត គ្មានអ្វីក្រៅពីពន្ធនាគារនោះទេ ព្រោះពន្ធនាគារគេបង្កើតឡើងសម្រាប់ដាក់មនុស្សខូច មនុស្សដែលប្រព្រឹត្តខុសច្បាប់។
ទាក់ទិនករណីនេះ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋសភា បានទទួលយកសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីពិនិត្យពិភាក្សាតាមការស្នើរបស់រាជរដ្ឋាភិបាល។ ក្រោយទទួលយករដ្ឋសភា បានសម្រេចប្រគល់ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ បានស្នើឲ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។ «អ្នកដែលមានបំណងចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។ ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់៕