(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញកម្មវិធីនយោបាយថ្មី គឺ​យុទ្ធសាស្រ្តបច្ចកោណ ​ពុំ​មែនយុទ្ធសាស្រ្តចតុកោណ ដែលរាជរដ្ឋាភិបាលដឹកនាំឱ្យគណបក្សប្រជាជនកម្ពុជា បានអនុវត្តអស់រយៈពេល៤អាណត្តិមកហើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលខាងមុខនេះ យុទ្ធសាស្រ្តចតុកោណដែលបានអនុវត្ត៤ដំណាក់កាលហើយ នឹងត្រូវបានផ្លាស់ប្តូរទៅជាយុទ្ធសាស្រ្តបច្ចកោណ គឺមានមុំ៥ មិនមែនមុំ៤ទេ។ ​យើងបានចាប់ផ្តើមអនុវត្ត ក្នុងរយៈមួយអាណត្តិនូវយុទ្ធសាស្រ្តត្រីកោណ បន្ទាប់ទៅយើងអនុវត្តយុទ្ធសាស្រ្តចតុកោណទី១ ទី២ ទី៣ និងទី៤»

​សម្តេចបានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល បាននិងកំពុងឈានទៅរៀបចំ​យុទ្ធសាស្រ្តបច្ចកោណដែលក្នុង​នោះបានប្រមូលនូវធាតុទាំងឡាយដែលមានក្នុង យុទ្ធសាស្រ្តចតុកោណ ជាមួយនឹងការបញ្ចូលធាតុថ្មីបន្ថែមទៀត ដើម្បីឱ្យការដឹកនាំរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងរីកចម្រើន។

សម្តេចបន្ថែមថា «យើងនិយាយមុនបន្តិចទៅចុះ ព្រោះវាគង់តែទៅដល់នាពេលនោះ ហើយយើងបង្ហើបពីកម្មវិធីនយោបាយរបស់យើងទុកជាស្រេច នេះជាដំណើរការរបស់យើង យើងមិនធ្វើរបៀបកញ្ឆក់កណ្តៀតទេ»

​ទន្ទឹមគ្នា សម្តេចបានបញ្ជាក់ថា ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនិតិកាលទី៧ បន្ទាប់ពីចូលកាន់ដំណែង រដ្ឋាភិបាល​នឹងពិនិត្យរៀបចំកែសម្រួលសមាសភាព ក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តឱ្យបានសមស្រប និងបន្តដាក់ចេញនូវ គោលការណ៍និងវិធានការណ៍នានា ដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្រុមការងារចុះមូលដ្ឋានបន្តទៀតតាមរយៈការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ​និតិកាលទី៧ នៃរដ្ឋសភាសំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់​៕