(កំពង់ចាម)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយថ្នាំកសិកម្ម និងសំណេះសំណាលជាមួយប្រជាកសិករ ១៣៧៨គ្រួសារ នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
កម្មវិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ក្នុងសង្វាក់ផលិតកម្មដំណាំស្រូវដែលតែងតែមានការរំខាន់ពីពពួកស្មៅចង្រៃដុះក្នុងដីស្រែ ដែលជួនកាលធ្វើឲ្យរំខានដល់ការ លូតលាស់ និងមានការថមថយនូវទិន្នផលស្រូវរបស់ប្រជាកសិករ។
បណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវផែនការជួយជាបច្ចេកទេស និងការរកទីផ្សារទិញស្រូវ ជូនដល់ប្រជាកសិករទាំង ១៣៧៨គ្រួសារ តាមរយៈក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ។ ការបន្តជួយដល់ប្រជាជន សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋតាមភាពជាក់ស្ដែង គ្រប់ពេលវេលាជានិច្ច។
អំណោយដែលចែកជូនប្រជាកសិករទាំង ១៣៧៨ គ្រួសារ នៅពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន ថ្នាំទឹកកម្ចាត់ស្មៅ ចំណុះ ២០០មីលីលីត្រ ចំនួន១ដប និងថ្នាំគ្រាប់កម្ចាត់ស្មៅ ចំណុះ២០០ក្រាម ចំនួន៣កញ្ចប់ ដែលអាចប្រើប្រាស់លើទំហំ ៥ពាន់ម៉ែត្រក្រឡា និងសរុបជាទឹកប្រាក់ចំនួន ៦២.១៤៧.៨០០ រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយះក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធានក្រុមការងារ។
លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ ដែលពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង។
ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព។
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋ តាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕