(សៀមរាប)៖ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ជូនដល់សាស្ត្រាចារ្យ និសិ្សត នៃសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេសសៀ ជាង១រយនាក់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ ដោយមានការចូលរួមពីលោក មាន សុធី សាកលវិទ្យាធិការ សាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេសសៀ និងលោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក នឹម សួរ តំណាង giz និងអង្គការតម្លាភាព យុវជនស្ម័ត្រចិត្តចូលរួមផងដែរ។
វគ្គផ្សព្វផ្សាយនេះ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងនៅ ក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅ កំណត់យន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹង នៅថ្នាក់ក្រោមជាតិ និងអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដើមី្បបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចសិស្ស និសិ្សត មិនចំណាយ ពេលវេលាទៅកាន់ការិយាល័យប្រជាពលរដ្ឋផងដែរ។
លោក មាន សុធី សាកលវិទ្យាធិការ សាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេសសៀ បានធ្វើការសាទរក្នុងការបើកវគ្គផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត និងពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ជូនដល់សាស្ត្រាចារ្យ និសិ្សតទាំងអស់ ឲ្យបានយល់ច្បាស់អំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យ ព្រមទាំងជាភ្នាក់ងារផ្សព្វផ្សាយបន្ត ទៅដល់ក្រុមគ្រួសារ និង ប្រជាពលរដ្ឋក្នុងសហគមន៍ខ្លួន។
លោកបានបន្តថា នេះជាប្រវត្តិសាស្ត្រមួយ ដែលសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេសសៀ បានទទួលនូវវគ្គផ្សព្វផ្សាយ ក៏ដូចជាកិច្ចការថ្មីមួយទៀតឲ្យកាន់តែយល់ច្បាស់ ហើយក៏ជាវិញ្ញាសារមួយសម្រាប់និសិ្សតគ្រប់រូប ត្រូវធ្វើលិខិតបទនៅពេលបញ្ចប់ការសិក្សាផងដែរ។
លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានលើកឡើងថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត សម្រាប់ទទួល និងសម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ខេត្ត។
លោក នេត ផល្គុន បានបន្តទៀតថា តួនាទិ ភារកិច្ចរបស់ការិយាល័យ គឺទទួល និងប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើសម្រាំង វាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ព្រមទាំងបញ្ជូនពាក្យបណ្តឹងទាំងឡាយណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច និងតាមដានដោះស្រាយ ដើមី្បជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹង។ ហើយក៏ត្រូវធ្វើការស៊ើបអង្គេត បណ្តឹងលើកអនុសាសន៍ អំពីវិធានការដោះស្រាយបណ្តឹង និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។
លោកក៏បានធ្វើការបង្ហាត់បង្ហាញដល់សិក្ខាកាមនៃវគ្គផ្សព្វផ្សាយ អំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដើមី្បមានភាពងាយស្រួលដល់បងប្អូនដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខ្លួន ឬក៏ភាពមិនពេញចិត្តនឹងមិនស្របតាមតម្រូវការរបស់បងប្អូន លើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រង ដឹកនាំរបស់បុគ្គលណាម្នាក់ ដោយមានល័ក្ខការជាសម្ងាត់ជូនបងប្អូនទៀតផង។ ចំពោះការប្រើប្រាស់តាមប្រព័ន្ធទូរស័ព្ទ ក៏ជាការកាត់បន្ថយនូវពេលវេលាទៅធ្វើការដាក់ពាក្យបណ្តឹងនៅការិយាល័យប្រជាពលរដ្ឋ ហើយការិយាល័យប្រជាពលរដ្ឋ គឺស្ថិតនៅជាប់ជាមួយអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងមានតុពិសេសជាអចិន្ត្រៃយ៍នៅទីនោះផងដែរ៕