(ភ្នំពេញ)៖ អង្គការផ្ទះបាយកុមារ ដែលជាជម្រកមួយសម្រាប់កុមារក្រខ្សត់ និងក្មេងកំព្រាជាដើម ដែលអាចមកពិសាអាហារដោយឥតគិតថ្លៃ បានទទួលអំណោយ ពីក្រុមការងារយុវជនថ្នាក់កណ្តាលខាងត្បូងរដ្ឋ Louisiana ដឹកនាំដោយលោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារយុវជនតំបន់កណ្តាលខាងត្បូងសហរដ្ឋអាមេរិក សម្រាប់ទុកចេញជូនកុមារបានចំនួន ១៨៨នាក់ ។

លើកឡើងនាឱកាសនោះលោក សូ វិសុទ្ធី បានថ្លែងឲ្យដឹងថា អំណោយទាំងអស់នេះគឺបានទទួលពីក្រុមការងារផ្ទាល់ផង និងសប្បុរសជននៅរដ្ឋ Louisiana ផងដែរ ហើយអំណោយទាំងអស់នោះយើងបានយកមកជូនកុមារដែលមានជីវភាពខ្សត់ខ្សោយ កុមារដែលកំពុងរើសអេតចាយ រួមទាំងក្មេងអនាថា។ សកម្មភាពនៅពេលនេះគឺក្នុងនាមខ្មែរជួយខ្មែរ ហើយរួមចំណែកដល់ការងារសង្គមខ្មែរយើងទាំងអស់គ្នា គោលដៅរបស់យើងគឺជួយដល់កុមារដែលខ្វះខាត ហើយធ្វើយ៉ាងណាឲ្យពួកគាត់បានហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សារៀនសូត្រដូចកុមារដទៃទៀត។

លោក សូ វិសុទ្ធី បញ្ជាក់ដែរថា អំណោយយកមកចែកជូនកុមារនាពេលនេះរួមមាន៖ សម្លៀកបំពាក់ សម្ភារៈសិក្សា អង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។ សម្រាប់អង្គការនេះយើងជួយជាលើកទី១ប៉ុណ្ណោះ ខណៈដែលកុមារតាមបណ្តាខេត្តមួយចំនួនទៀត គឺយើងបានជួយជាបន្តបន្ទាប់ ដូចជាកុមារនៅខេត្តពោធិសាត់ និងតាកែវជាដើម។ ជាមួយនោះយើងក៏បានធ្លាប់យកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងអំទ្បុងពេលបិទខ្ទប់ដោយកូវីដ១៩។

លោក អ៊ូ ង៉ូវឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានឲ្យដឹងថា អង្គការនេះកកើតទ្បើងតាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីប្រមែប្រមូលកុមារដែលរើសអេតចាយ កុមារដើរសុំទាន កុមារមានការខ្វះខាតហូមមិនគ្រប់គ្រាន់ កុមារមិនបានចូលរៀន ឬក៏រៀនមិនទៀងទាត់ មករស់នៅក្រោមការជួយទំនុកបម្រុងពីអង្គការរបស់យើង។ មកដល់ពេលនេះយើងបានជួយកុមារបានជាង៨០០នាក់ ដែលពួកគាត់បានហូបចុកគ្រប់គ្រាន់ ខណដែលកុមារជាង ៦៤០នាក់បានទៅសិក្សា។ទន្ទឹមនោះយើងក៏បានជួយថែទាំសុខភាពដល់ពួកគាត់ផងដែរ។

លោកបញ្ជាក់ថា កុមារទាំងអស់នេះសុទ្ធតែមានម៉ែ មានឪ ប៉ុន្តែពួកគាត់មានជីវភាពខ្សត់ខ្សោយ ដូច្នេះការជួយរបស់យើងនេះជាការជួយបំពេញបន្ថែម និងបំពេញរាល់ការខ្វះខាតរបស់ពួកគាត់ប៉ុណ្ណោះ។ អ្វីដែលយើងមានលទ្ធភាពជួយពួកគាត់នោះគឺបានមកពីជំនួយសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស។ ក្មេងៗដែលទទួលបានការថែទាំ និងចិញ្ចឹមផ្តល់ការរៀនសូត្រពីអង្គការផ្ទះបាយកុមារ ជាបន្តបន្ទាប់បានចេញទៅបំពេញការងារក្នុងក្រុមហ៊ុនឯកជន ការងារតាមស្ថាបន័ផ្សេងៗ ខណយុវជនទាំងនោះបានរៀនចប់ថ្នាក់មហាវិទ្យាលយ័។

លោកបានឲ្យដឹងដែរថា សព្វថ្ងៃនេះយើងត្រូវចំណាយប្រមាណជាង ១លានរៀលសម្រាប់តែការហូបចុក ដោយមិនគិតចំណាយទឹកភ្លើងនិងចំណាយផ្សេងៗទៀតនោះទេ។ ចំណែកអង្ករគឺយ៉ាងតិចអស់ពី៥ទៅ៦តោនក្នុងមួយខែៗ។

លោក អ៊ូ ង៉ូវឈី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលតែងតែជួយដល់អង្គការផ្ទះបាយកុមារ ហើយអំណោយទាំងអស់នោះមិនគ្រាន់តែជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ប៉ុណ្ណោះទេ តែជាការជួយចូលរំលែកការលំបាករបស់កុមារ ស្រោចស្រង់កុមារចេញពីភាពអត់ឃ្លាន មានការងូបចុកគ្រប់គ្រាន់ មានឱកាសបានសិក្សារៀនសូត្រ និងមានអនាគតដ៏សមរម្យថែមទៀត៕