(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករតនមណ្ឌល ចំនួន៥៥៧នាក់ ក្នុងបរិវេណសាលាបឋមសិក្សាអិនស៊ីដារេ នាពេលព្រឹក និងពេលរសៀល នៅស្រុកសំឡូត ចំនួន៣៣៥នាក់ នៅក្នុងបរិវេណសាលាស្រុកសំឡូត សរុបរួមចំនួន៨៩២នាក់។
នៅក្នុងពិធីនោះ លោកប្រធានបានធ្វើការពាំនាំការផ្តាំផ្ញើការ សាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា អនុសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងបានលើកឡើងពីសមិទ្ធផលរបស់ស.ស.យ.ក.ខេត្ត រយៈពេល៧ឆ្នាំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិរយៈកាលកន្លងទៅនេះ។
លោកក៏បានថ្លែងអំណរគុណសមាជិក សមាជិកា គ្រួសារ ស.ស.យ.ក.ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ថវិកា សំភារៈ និងសាមគ្គីគ្នាជាថ្លុងមួយ ជាខ្មែរតែមួយ ទើបស.ស.យ.ក.ខេត្ត អាចសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមកនេះ និងសំណូមពរដល់សមាជិក សមាជិកាបន្តការចូលរួមជាមួយ ស.ស.យ.ក.ខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការអភិវឌ្ឍជាតិមាតុភូមិរបស់យើង។
លោកបានសំណូមពរ ឱ្យបងប្អូនដែលគ្រប់អាយុបោះឆ្នោតទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងជំរុញក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទៅបោះឆ្នោតដើម្បីទទួលបាននូវសន្តិភាព និងការអភិវឌ្ឍបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំខាននិងគ្រប់ៗគ្នា។
ក្នុងនោះផងដែរ សមាជិក សមាជិកាទាំង៨៩២នាក់ ដែលចូលរួមកម្មវិធីនាឱកាសនោះ ទទួលបានថវិកាមួយចំនួន ដែលជាប្រាក់ឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវផងដែរ៕