(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ និងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង។
ផែនការ និងយុទ្ធវិធីទាំងនេះ ត្រូវបានរៀបចំចងក្រងឡើង ដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈការច្របាច់បញ្ចូលគ្នានូវចំណេះដឹងដែលលោកបានរៀនសូត្រនៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី បូករួមនឹងបទពិសោធន៍ជាក់ស្តែងដែលធ្លាប់ជួបកន្លងមក។
ក្រោយពេលលោកវរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញនូវផែនការ និងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មីរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបើកកិច្ចពិភាក្សា និងឯកភាពតាមខ្លឹមសារនៃផែនការ និងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មីនេះទាំងស្រុង នឹងត្រៀមដាក់ឲ្យអនុវត្តគ្រប់កាលៈទេសៈទាំងអស់ ទៅតាមស្ថានភាពជាក់ស្តែង៕