(កំពង់ស្ពឺ)៖ ក្រុមយុវជន បង្ហាញការយល់ឃើញចង់ឱ្យអ្នកមានដែលធនធានកាន់តែច្រើនឡើងចូលរួមអភិវឌ្ឍនៅតំបន់ធនធានធម្មជាតិ ដើម្បីប្រែកក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយមិនការកាប់បំផ្លាញព្រៃឈើ។
បើតាមកញ្ញា សាំង លាង មានតួនាទីជាអនុប្រធានយុវជន ដើម្បីសន្តិភាពសង្គម បានថ្លែងថា ទីតាំងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ ជាតំបន់ដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ជាទីគួរឱ្យគយគន់ និងទាក់ចិត្តភ្ញៀវទេសចរនានាឱ្យមកទស្សនាដោយមិនជិនណាយ។
យុវជនរូបនេះ បានបញ្ជាក់ថា ឧទ្យានជាតិគិរីរម្យ មានសក្តានុពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ធម្មជាតិ។ សម្រាប់ការរៀបចំអភិវឌ្ឍន៍ឱ្យក្លាយជាទីតាំងអេកូទេសចរណ៍របស់ក្រុមហ៊ុនឯកជននៅតំបន់នេះ គឺមិនឃើញមានការកាប់បំផ្លាញព្រៃឈើនោះទេ។
«ក្នុងនាមខ្ញុំជាយុវជន សូមអំពាវនាវដល់សហគ្រិនទាំងក្នុងស្រុក និងក្រៅស្រុកទេ សូមឱ្យមកធ្វើការវិនិយោគបែបអេកូទេសចរណ៍ធម្មជាតិ នៅតំបន់ការពារធនធានធម្មជាតិនានា នៅប្រទេសកម្ពុជា ព្រោះវាជាផ្នែកមួយនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន»។
កញ្ញា សាំង លាង បានឱ្យដឹងថា ការបង្កើតឱ្យមានទីតាំងអេកូទេសចរណ៍ធម្មជាតិកាន់តែច្រើនឡើង វានឹងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិ ដែលជាផ្នែកមួយពង្រឹងសេដ្ឋកិច្ចដល់ពួកគាត់ និងកែប្រែមុខរបរចាស់ចូលព្រៃកាប់ឈើ និងបរបាញ់សត្វជាដើម។
ជាមួយគ្នានេះដែរ កញ្ញា បានបញ្ជាក់ថា ជាក់ស្តែង តំបន់ឧទ្យានជាតិគិរីរម្យ គឺបានបង្កើតឱកាសការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈការបម្រើការងារផ្នែកបុគ្គលសេវាកម្មទេសចរណ៍ លក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ជាដើម។