(ភ្នំពេញ)៖ លោក ទីន ម៉ាន បុរសខ្មែរឥស្លាម ធ្លាប់មានតួនាទីនាយរងការិយាល័យនៅនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាលក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងស្រាវជ្រាវស៊ើបអង្កេតឡើងវិញ ដែលរូបលោកទទួលនូវភាពអយុត្តិធម៌ពាក់ព័ន្ធនឹងការទិញដីធ្លីនៅស្រុកពញាឮ ខេត្តកណ្តាល កាលពីពេលកន្លងទៅ រហូតមានការបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិទៀតផង។
សូមបញ្ជាក់ថា លោក ទីន ម៉ាន កាលពីខែមីនា ឆ្នាំ២០២៣ ត្រូវបានសម្តេចក្រឡាហោម ស ខេង បានចេញលិខិតដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌរបស់នគរបាលជាតិ ក្រោមរូបភាពខុសវិន័យកងកម្លាំងនគរបាលជាតិ។
យោងតាមលិខិតដាក់ជូនសម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ, លោក ទីន ម៉ាន បានទិញដីតាំងពីឆ្នាំ២០១២ ពីប្រជាពលរដ្ឋ ១១ គ្រួសារនៅឃុំកោះចិន ស្រុកពញឮ ខេត្តកណ្តាល ដែលជាអ្នកអាស្រ័យផល ហើយបានទូទាត់ប្រាក់រួចរាល់នៅឆ្នាំ២០១៥។
បន្ទាប់មកលោកបន្តចរចាទិញពីប្រជាពលរដ្ឋ១៣គ្រួសារទៀត ដោយបានប្រគល់លុយជាបន្តបន្ទាប់ ប៉ុន្តែខាងប្រជាពលរដ្ឋមិនទាន់បានផ្ទេរកម្មសិទ្ធិប្លង់ជូនគាត់នៅឡើយ រហូតលោកបានដាក់ពាក្យប្តឹងទៅកាន់តុលាការ ហើយត្រូវបានតុលាការកាត់ក្តីឲ្យលោកឈ្នះទៀតផង។
លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្រាប់តែមានស្រ្តីម្នាក់ឈ្មោះ ឈាង គឹមស៊ុន ថាជាតំណាងប្រជាពលរដ្ឋ១៣គ្រួសារ បានប្ដឹងលោកទៅក្រសួងមហាផ្ទៃពីបទ «ប្រព្រឹត្តអំពើហិង្សា» ហើយក្រសួងមហាផ្ទៃបានបង្វែរសំណុំរឿងទៅសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ ប៉ុន្តែលោកសូមបដិសេធចំពោះការចោទប្រកាន់ និងមានសាក្សីមួយចំនួន ក៏អាចចេញមកបញ្ជាក់ពីករណីនេះផងដែរ។
លោក ទីន ម៉ាន សូមឲ្យសម្តេចក្រឡាហោម មេត្តាផ្តល់នូវភាពយុត្តិធម៌ដល់លោក និងធ្វើអធិការកិច្ចស៊ើបអង្កេតឡើងវិញ ហើយសូមសម្តេចមេត្តាបន្តរក្សាទុកក្របខណ្ឌជាមន្ត្រីនគរបាលជាតិជូនលោករហូតដល់អាយុចូលនិវត្តន៍តាមច្បាប់៕
ខាងក្រោមនេះជាលិខិតអន្តរាគមន៍របស់លោក ទីន ម៉ាន៖