(កំពង់ធំ)៖ ស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជនបន្តប្រឹងប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីក្លាយជាកម្លាំងស្នូល នៃការអភិវឌ្ឍជាតិ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួតបាល់ទាត់មិត្តភាពយុវជនឃុំប្រាសាទ និងកំពង់ថ្ម ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» រៀបចំឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រីបណ្ឌិត បានអំពាវនាវដល់យុវជន ខិតខំបន្តប្រឹងប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីជួយគ្រួសារ និងសង្គមជាតិ ជាពិសេសឲ្យក្លាយជាកម្លាំងស្នូល នៃការអភិវឌ្ឍជាតិនាពេលខាងមុខ ដែលរាជរដ្ឋាភិបាលនឹងផ្ដល់ ឱ្យការងារយ៉ាងច្រើននៅគ្រប់វិស័យ។
លោកស្រីបណ្ឌិតបានបន្ដថា កីឡារស់នៅក្នុងមិត្តភាព និងសន្តិភាពព្រោះថា ការលេងកីឡាមិនត្រឹមតែផ្ដល់ឱ្យយុវជន ទទួលបានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងបង្ហាញការរីកចម្រើន នៃផ្នត់គំនិតល្អៗក្នុងជីវភាពរស់នៅរបស់ប្រជាជន ពិសេសក្នុងស្រទាប់យុវជនឲ្យប្រព្រឹត្តិតែអំពើល្អ និងចាកឆ្ងាយពីអំពើផងទាំងឡាយណាដែលសង្គមស្អប់ខ្ពើមពិសេសគ្រឿងញៀន។
លោកស្រីបណ្ឌិត ជា សិរី បានវាយតម្លៃខ្ពស់ចំពោះការ ចូលរួមប្រកួតរបស់យុវជនជាកីឡាករទាំងអស់ ដែលបានធ្វើឲ្យការប្រកួតប្រព្រឹត្តិទៅ ប្រកបដោយលទ្ធផលល្អ ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព។
លោកស្រីបណ្ឌីតបានបញ្ជាក់ថា កាលដែលអ្នកទាំងអស់គ្នាមានឱកាសបានរៀបចំ ការប្រកួតកីឡាកម្រិតថ្នាក់ឃុំ ស្រុក ពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យទៅនេះ អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព និងមានការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចនេះយុវជនត្រូវចងចាំ និងរួបរួមគ្នាការពារសន្តិភាពឲ្យបានដាច់ខាត។
សូមជម្រាបថា ការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្មនេះមានរយៈពេល៤សប្តាហ៍ ជាលទ្ធផលជ័យលាភីលេខ១បានទៅក្រុមយុវជនឃុំកំពង់ថ្ម ទទួលបានពាន១ និងថវិកា១លានរៀល, លេខ២ បានទៅក្រុមយុវជនឃុំប្រសា ទទួលបានថវិកា៧០ម៉ឺនរៀល និងលេខ៣ទទួលបានថវិកា៥០ម៉ឺនរៀល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាករយុវជនមក ពីបណ្ដាភូមិរបស់ឃុំទាំង២ផង។
លោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី២ខ្នង ដល់គ្រួសារខ្វះខាតរស់នៅភូមិស្រែតាកោ ឃុំប្រាសាទដែលជាអំណោយមនុស្សធ៌ម របស់លោកបណ្ឌិត ជា ចាន់តូ និងលោកលោកស្រី ខៀវ ស៊ីណាផងដែរ៕