(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលខាងមុខ។

កម្មវិធីនេះក្រោមការដឹកនាំរបស់កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ស្នងការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោកស្នងការរង ក្រុមជំនួយការ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាសមាជិក សមាជិកាដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕