(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
សូមរំលឹកថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងការអនុវត្តការងារក្រុមការងារពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ននានាឡើយ។ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននីមួយៗនៅតែមានតួនាទី និងការទទួលខុសត្រូវស្របតាមគោលការណ៍ច្បាប់ដដែល។ ទន្ទឹមនេះ ក្រុមការងារក៏ពុំមានតួនាទីចាត់ចែងកិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានាឡើយ។
ក្រុមការងារត្រូវដឹកនាំជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ឱ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់។
ក្នុងករណីមានបញ្ហាប្រឈមដែលមិនអាចដោះស្រាយបាន ក្រុមការងារត្រូវជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ និងធ្វើការតាមដាន ត្រួតពិនិត្យអំពីលទ្ធផលនៃការដោះស្រាយដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត នីតិកាលទី៦នេះ ក្រុមការងារគ្រប់ថ្នាក់បានរៀបចំវេទិកាសាធារណៈនៅទូទាំងប្រទេស បានច្រើនជាងក្នុងនីតិកាលទី៥ ចំនួន ៧,៤០២លើក (១០ ៤២១លើក/៣,០១៩លើក) មានប្រជាពលរដ្ឋចូលរួមច្រើនជាងអាណត្តិទី៥ ចំនួន ៦៧៧,៧០៩នាក់ (១,០៥៤,៤៣០នាក់/៣៧៦,៧២១នាក់)។
ជាមធ្យមភាគ អ្នកចូលរួមក្នុងវេទិកាសាធារណៈ១លើក មានចំនួនប្រមាណ១១៣នាក់ នៅអាណត្តិទី៦ ប្រៀបធៀបនឹងអាណត្តិទី៥ មានអ្នកចូលរួម ១២៥នាក់។
វិស័យអភិវឌ្ឍន៍ជនបទ វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យគ្រប់គ្រងរដ្ឋបាលដីធ្លី វិស័យធនធានទឹក និងឧតុនិយម វិស័យអប់រំ យុវជន និងកីឡា និងវិស័សាធារណការ និងដឹកជញ្ជូន មានប្រមាណ ៦៤ភាគរយ នៃបញ្ហាទាំងអស់ ជាវិស័យនាំមុខច្រើនជាងគេ។
វិស័យអភិវឌ្ឍន៍ជនបទ វិស័យគ្រប់គ្រងរដ្ឋបាលដីធ្លី វិស័យសាធារណការ និងដឹកជញ្ជូន វិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យធនធានទឹក និងឧតុនិយម ការផ្ដល់សេវាគ្រប់ប្រភេទ និងអភិបាលកិច្ច និងវិស័យអគ្គិសនី ប្រមាណ៧១ភាគរយ ជាវិស័យដែលនាំមុខច្រើនករណីជាងគេនៅក្នុងនីតិកាលទី៦នេះ។
លទ្ធផលជារួមនៅអាណត្តិទី៦ ក្រុមការងារគ្រប់ថ្នាក់បានដោះស្រាយ បានចំនួន ២០,៩៨៩ករណី (ស្មើ៥៨ភាគរយ) ដែលមានចំនួនសរុប ៣៦,៣៤០ករណី រីឯបញ្ហាចំនួន ១០,០៦៣ករណី (ស្មើ២៨ភាគរយ) កំពុងមានវិធានការដោះស្រាយ និងបញ្ហានៅសេសសល់ ៥,២៨៩ករណី (ស្មើ១៤ភាគរយ) ផ្ញើមកថ្នាក់ជាតិ កំពុងមានវិធានការដោះស្រាយឆ្លើយតប ធៀបនឹងអាណត្តិទី៥ ក្រុមការងារគ្រប់ថ្នាក់បានដោះស្រាយចំនួន ៥,៩២១ករណី ក្នុងចំណោម ១១, ៧២៤ករណី (ស្មើ៥១ភាគរយ) រីឯបញ្ហាប្រឈមចំនួន ៤,០០៨ករណី (ស្មើ ៣៤ភាគរយ) កំពុងមានវិធានការដោះស្រាយ និងបញ្ហានៅសេសសល់ចំនួន ១,៧៩៣ករណី (ស្មើ១៥ភាគរយ) បានផ្ញើមកថ្នាក់ជាតិ ដើម្បីមានវិធានការឆ្លើយតប។
ក្នុងរបាយការណ៍បានបង្ហាញថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានធ្វើការសម្របសម្រួល និងសហការល្អ ជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទទួលបានលទ្ធផលជាវិជ្ជមាន ដោះស្រាយបញ្ហាជាកង្វល់ សំណូមពរ និងសំណើរបស់មូលដ្ឋានបានច្រើន ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវកែលម្អជាអាទិ៍៖
១៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត នៅមានការយឺតយ៉ាវ ក្នុងការប្រមូលចងក្រងទិន្នន័យ ឬរបាយការណ៍ ផ្ញើមកលេខាធិការដ្ឋាន ក.រ.ម.ឱ្យបានទៀងទាត់តាមកាលកំណត់។
២៖ ការដោះស្រាយបញ្ហាប្រឈម ជាសំណើ សំណូមពរ ឬទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ក្រុមការងារនៅមានការយឺតយ៉ាវក្នុងការដោះស្រាយ ឆ្លើយតបជូនប្រជាពលរដ្ឋវិញ។
៣៖ សមាជិកក្រុមការងាររាជរដ្ឋាភិបាលមួយចំនួនមានការខ្វះខាតមធ្យោបាយ (ប្រាក់បេសកកម្ម និងបងឥន្ធនៈជាដើម) សម្រាប់ចុះមូលដ្ឋានឱ្យបានទៀងទាត់តាមកាលបរិច្ឆេទ។
៤៖ លេខាធិការដ្ឋាន ក.រ.ម. ខ្វះមធ្យោបាយសម្រាប់ចុះបំពេញបេសកកម្ម ក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលាណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្ត និងការចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីលទ្ធផល និងសកម្មភាពការងារដល់ថ្នាក់ក្រោមជាតិ។
៥៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត មិនទាន់មានសមាសភាពជាតំណាងគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិនៅតាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត។
៦៖ ជំរុញរៀបចំលេខាធិការដ្ឋានតាមក្រសួង ស្ថាប័ននីមួយៗ រាជធានីខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
របាយការណ៍ដដែលបន្ថែមថា នៅក្នុងការគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញបេសកកម្មចុះមូលដ្ឋាន ដល់ភូមិ ឃុំ សង្កាត់ និងតាមខ្នងផ្ទះ ដើម្បីស្តាប់ក្តីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្ត ទុកដាក់ជំរុញទទួលការដោះស្រាយនូវរាល់ក្តីកង្វល់ សំណើ សំណូមពរទាំងនោះ ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ស្របតាមស្មារតី នៃសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម សំដៅរួមចំណែកធ្វើឲ្យសម្រេចបាន នូវសមិទ្ធផលគ្រប់វិស័យ នៃការកែទម្រង់ ជាពិសេសការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដោយបានផ្ដល់កាលានុវត្តភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
លទ្ធផលជារួម ក្រុមការងារគ្រប់ថ្នាក់បានដោះស្រាយ និងកំពុងមានវិធានការដោះស្រាយបញ្ហាប្រឈមនានាសំណើ សំណូមពរសម្រាប់នីតិកាលទី៦ បានចំនួន ៨៦% នៃបញ្ហាសរុបចំនួន ៣៦ ៣៤០ករណី និងនៅសេសសល់ប្រមាណ ១៤% នឹងស្នើសុំការណែនាំពីថ្នាក់ជាតិ ដើម្បីមានវិធានការឆ្លើយតប។
ដោយឡែកសម្រាប់ ទិសដៅសម្រាប់អនុវត្តបន្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត៖
* ត្រូវសហការ និងបង្កលក្ខណៈដល់ដំណើរការរៀបចំបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
* ពង្រឹងការផ្សព្វផ្សាយនូវវិធានការការពារ នៃការរីករាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងសម្របសម្រួល ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន អនុវត្តគោលនយោបាយ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងដូសជំរុញ ជូនដល់កងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីធានាបាននូវភាពសុំសហគមន៍ពិតប្រាកដ។
* ត្រូវបន្តសហការរៀបចំវេទិកាសាធារណៈ នៅមូលដ្ឋានជាបន្តទៀត ឲ្យបានជាប់ជាប្រចាំ ក្នុងនោះត្រូវផ្តោតយកចិត្ត ទុកដាក់ជាសំខាន់ទៅលើការជួបជាមួយជនក្រីក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមក្នុងវេទិកាសាធារណៈកន្លងមក ដើម្បីបន្តស្វែងយល់ដោយផ្ទាល់ នូវបញ្ហាប្រឈមសំណើ សំណូមពរនានា និងកង្វល់ ព្រមទាំងទទួលយោបល់ត្រឡប់របស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ ដែលមានស្ថានភាពខុសៗគ្នា ពីមូលដ្ឋានមួយទៅមូលដ្ឋានមួយ។
* ក្រៅពីការរៀបចំវេទិកាសាធារណៈ ក្រុមការងារចាំបាច់ត្រូវសហការរកវិធីស្វែងយល់អំពីសុខទុក្ខ និងការថ្នាំងថ្នាក់នានា របស់ប្រជាពលរដ្ឋ តាមរយៈការចុះជួបប្រជាពលរដ្ឋ ដោយផ្ទាល់នៅតាមខ្នងផ្ទះនីមួយៗ។
* ត្រូវជួបប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចជំនាញ ដែលពាក់ព័ន្ឋ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបញ្ហា ប្រឈម សំណើ សំណូមពររបស់ប្រជាពលរដ្ឋយ៉ាងយូរ៣ខែម្ដង។
* ត្រូវបន្តសហការយកចិត្តទុកដាក់ ជំរុញការដោះស្រាយបញ្ហាដែលកំពុងដោះស្រាយ និងបញ្ហាដែលមិនទាន់ដោះស្រាយ ឲ្យបានរួចរាល់ដោយផ្អែកតាមគោលការណ៍ និងវិធានការនានាដែលបានកំណត់។
* ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ បានទទួលសំណើក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមិនអាចដោះស្រាយ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរទាំងនោះ ឲ្យបានសមស្រប និងទាន់ពេលវេលាតាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នសាមីនីមួយៗ។
* រៀបចំរបាយការណ៍បូកសរុបឲ្យបានទៀងទាត់ ដើម្បីផ្ញើជូនមកលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត (ក.រ.ម.) តាមកាលវេលាកំណត់រៀងរាល់៣ខែម្ដង៕