(កំពង់ស្ពឺ)៖ យុវជនកូនភ្លោះ ជុំ ហួត និងជុំ ហួរ អតីតសកម្មជនក្រុមប្រឆាំង និងជាប្រធានសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម បានអះអាងថា ការអភិវឌ្ឍតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ គឺមិនមានការបំផ្លាញព្រៃឈើដូចការចោទប្រកាន់នោះទេ ប៉ុន្តែ បានផ្តល់តម្លៃលើផ្នែកសេដ្ឋកិច្ច និងផ្តល់ឱកាសការងារជាច្រើនកន្លែងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អ។ ជាក់ស្តែងបច្ចុប្បន្ននេះ តំបន់ការពារធនធានធម្មជាតិ ក៏ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យមានទំនាក់ទំនងគ្នាកាន់តែប្រសើរឡើងរវាងតំបន់ខាងក្រៅ និងតំបន់ខាងក្នុង ជាពិសេសបានកែច្នៃឱ្យក្លាយជាតំបនអេកូទេសចរណ៍ធម្មជាតិ។
លោក ជុំ ហួរ ជុំ ហួត បានបញ្ជាក់ថា ជាក់ស្តែងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ បច្ចុប្បន្ននេះ ត្រូវបានរៀបចំកែច្នៃតាមបែបទេសចរណ៍ធម្មជាតិ ជាច្រើនទីតាំងដែលបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តយ៉ាងច្រើនកុះករ។ ការមកលេងកម្សាន្តពីសំណាក់ភ្ញៀវទេសចរនេះ ដោយសារតែពួកគាត់បានមើលឃើញថា តំបន់ឧទ្យានជាតិគិរីរម្យនេះ មិនមានការកាប់បំផ្លាញព្រៃឈើ ដើម្បីអភិវឌ្ឍន៍ ដូច្នេះ ការរក្សាបាននូវធម្មជាតិដ៏ស្រស់បំព្រងនេះហើយ បានក្លាយជាទីតាំងទេសចរណ៍មួយធ្វើឱ្យអ្នកទេសចរមកកម្សាន្ត មិនចេះជិនណាយ។
យុវជនកូនភ្លោះ ជុំ ហួត និងជុំ ហួរ បានគូសបញ្ជាក់ថា៖ «ឧទ្យានជាតិគិរីរម្យ គឺទីតាំងទសេចរណ៍រក្សាបាននូវសន្តិភាពបរិស្ថាន ទាំងសន្តិភាពផ្លូវចិត្ត ផ្លូវកាយ ទាំងសហគមន៍ និងបរិស្ថាននៅជុំវិញ។ ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិពីសំណាក់ក្រុមហ៊ុនឯកជន បាននាំចំណូលដល់រដ្ឋ ទាញចំណូលចូលសហគមន៍ ធ្វើឱ្យសហគមន៍មូលដ្ឋានទាញផលប្រយោជន៍ជាច្រើនលើវិស័យទេសចរណ៍»។
លោកបានបន្ថែមថា សម្រាប់ការអភិវឌ្ឍតំបន់ធនធានធម្មជាតិ គឺតែងតែមានការកាប់ព្រៃឈើបន្តិចបន្តួច ប៉ុន្តែ សម្រាប់ព្រៃឈើទាំងនោះត្រូវបានដកហូតមានចំនួនតិចតែប៉ុណ្ណោះ មានន័យថា កាប់តែដើមឈើណាដែលប៉ះចំផ្លូវសម្រាប់ធ្វើផ្លូវឱ្យភ្ញៀវទេសចរជិះមកលេងកម្សាន្តតែប៉ុណ្ណោះ។ សម្រាប់ការកាប់ដើមឈើនេះ ក៏ត្រូវបានសិក្សាយ៉ាងច្បាស់លាស់ និងទទួលបានការអនុញ្ញាតពីក្រសួង ស្ថាប័នជំនាញផងដែរ។
ជាមួយគ្នានេះដែរ យុវជនកូនភ្លោះ ជុំ ហួត និងជុំ ហួរ បានលើកឡើងថា ការចូលរួមអភិវឌ្ឍន៍តំបន់ការពារធនធានធម្មជាតិ ទៅជាទីតាំងអេកូទេសចរណ៍នេះ បានប្រែក្លាយតំបន់ដែលគ្មានមនុស្សទៅដល់ ស្ងាត់ជ្រងំ និងគ្មានតម្លៃផ្នែកសេដ្ឋកិច្ច បានប្រែក្លាយជាតំបន់មួយដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរស់នៅជុំវិញ ជាពិសេសបាននាំយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
យុវជនកូនភ្លោះ ជុំ ហួត និងជុំ ហួរ បានបន្តថា «អ្វីដែលក្រុមហ៊ុនអភិវឌ្ឍតំបន់ឧទ្យានជាតិ គិរីរម្យ ត្រូវបានចោទថាប៉ះពាល់រហូត បើយើងសិក្សាជាក់ស្តែងទៅ ផលប៉ះពាល់តិចមែនទែន ប៉ុន្តែ បានផ្តល់តម្លៃផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនជូនប្រជាពលរដ្ឋមូលដ្ឋាន»។
«សម្រាប់ការអភិវឌ្ឍតំបន់ឧទ្យានជាតិគិរីរម្យ គឺមិនមានការប៉ះពាល់ដល់ព្រៃឈើ សត្វព្រៃ ឬធម្មជាតិនានាដែលមានស្រាប់នោះទេ មិនដូចអ្វីដែលសកម្មជនបក្សប្រឆាំង ឬសកម្មជនអតីតមាតាធម្មជាតិ ក្រោមការដឹកនាំរបស់អាឡិច បានចោទប្រកាន់ថា ក្រុមហ៊ុនមកតំបន់នេះ ដើម្បីបំផ្លាញជីវភាពរបស់ប្រជាជន និងបំផ្លាញព្រៃឈើធម្មជាតិ។ អ្វីដែលជាការចោទប្រកាន់មិនមែនជាការពិតទាំងអស់»។ នេះជាការលើកឡើងបន្ថែមរបស់យុវជនកូនភ្លោះ ជុំ ហួត និងជុំ ហួរ៕