Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជននៅក្រុងពោធិសាត់ ២២៥នាក់ ធ្វើទស្សនកិច្ច​សិក្សា​ស្វែងយល់​ការងារ​ នៅខេត្ត​ព្រះសីហនុ​

23-07-2016 21:24

(ពោធិ៍សាត់) ៖ យុវជន​ថ្នាក់ភូមិ និងសង្កាត់ នៅក្រុងពោធិ៍សាត់ សរុបប្រមាណ ២២៥នាក់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ រយៈពេល២ថ្ងៃ បានចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ការងារ​នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក អឹុង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារក្រុមការងារយុវជនខេត្ត ព្រមទាំងមានការចូលរួមពី លោក ទី ថានី ជាអនុប្រធានក្រុមការងារ​ចុះជួយស្រុកភ្នំក្រវាញ និងជានាយកប្រតិបត្តិអាជ្ញាធរអគ្គិសនីកម្ពុជា ក្រោមការជួយឧបត្តម្ភពី លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់។

លោក អឹុង គឹមលាង បានថ្លែងនៅពេលមកដល់តំបន់ឆ្នេងអូរត្រេះនោះថា ការរៀបចំឲ្យមានកម្មវិធីនេះឡើង ក្រោមគំនិតផ្តួចផ្តើម និងយកចិត្តទុកដាក់ពីសំណាក់ លោក ម៉ៅ​ ធនិន ក្នុងការរៀបចំឲ្យមានក្រុមយុវជនថ្នាក់ភូមិ សង្កាត់ ក្នុងក្រុងពោធិ៍សាត់ បានជួបសំណេះសំណាល​ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ បន្ទាប់ពីយុវជនយើងបំពេញការងារ​ នៅក្នុងមូលដ្ឋានកន្លងមក ដោយទទួលបានលទ្ធផលជោគជ័យ។

 ការបំពេញទស្សនកិច្ចនេះ ជាការរួចចំណែកមួយ ធ្វើឲ្យយុវជនកាន់តែយល់ដឹង មានប្រាស្រ័យទាក់ទាក់ទងគ្នាទៅវិញទៅមក និងបានសិក្សាស្វែងយល់ពីសក្កានុពលអភិវឌ្ឍន៍ តាមបណ្តាខេត្ត ពិសេសខេត្តព្រះសីហនុ ជាខេត្តមួយសម្បូរទៅដោយពាណិជ្ជកម្មជាតិ និងអន្តរជាតិ។

គួររំលឹកថា ការមកដល់ខេត្តព្រះសីហនុនាពេលនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំយុវជនថ្នាក់ស្រុកទាំង៥ និងនិស្សិតមកពីស្រុកភ្នំក្រវាញប្រមាណ ៥០នាក់ ដែលដឹកនាំដោយ លោក ទី ថានី បានចូលរួមផងដែរ។

កញ្ញា សូ សាន តំណាងយុវជនខេត្ត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ជាពិសេស លោក ម៉ៅ ធនិន និង លោក អឹុង គឹមលាង ដែលបានចំណាយថវិកា និងសម្ភារ បង្កើតឲ្យមានកម្មវិធីនេះឡើង ហើយនេះជាលើកទីមួយដែលនាងខ្ញុំបានមកដល់ឆ្នេរអូរត្រេះទី២ នៃខេត្តព្រះសីហនុ ហើយសង្ឃឹមថាឆ្នាំក្រោយៗ ពិតជាមានកម្មវិធីនេះទៀត៕