លោកតាម្នាក់នៅកំពង់ស្ពឺ ស្រឡាញ់ប្តូរផ្តាច់ចំពោះសម្តេចតេជោ និងបក្សប្រជាជន កម្ពុជា ព្រោះតែការអភិវឌ្ឍន៍ជាតិ (Video inside)
18-06-2023 20:01
(ភ្នំពេញ)៖ ការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ពន្លត់ភ្លើងសង្គ្រាម កិច្ចកសាងជាតិឱ្យរីកចម្រើន សាងកិត្តិនាមជាតិឱ្យល្បីខ្ទរខ្ទារលើឆាកអន្តរជាតិ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមហាសាលក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសស្រឡាញ់ពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះគណបក្សនយោបាយមួយនេះ។
លោក អ៊ុល យ៉ាវ អាយុ ៨៣ឆ្នាំ រស់នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោង ខេត្តកំពង់ស្ពឺ បានបង្ហាញការស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា។ ជាអ្នកហែលឆ្លងព្រឹត្តិការណ៍ក្នុងសង្គមកម្ពុជាច្រើនសម័យកាល លោកតា អ៊ុល យ៉ាវ បានមើលឃើញរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានការរីកចម្រើនយ៉ាងខ្លាំង។ ហេតុ នេះហើយទើបលោកស្រឡាញ់នឹងជឿជាក់លើបក្សប្រជាជនកម្ពុជា។
លោកតា បានគូសរំលេចថា ក្រោយពេលរំដោះជាពីរបបប្រល័យពូជសាសន៍ឆ្នាំ១៩៧៩ ភូមិឋានរបស់លោកតាមានប្រជាពលរដ្ឋរស់នៅតិចតួចបំផុត តែឥឡូវប្រជាពលរដ្ឋអ៊ូអរ។ លោកតា បានកត់សម្គាល់ទៀតថា ក្រោយរំដោះកម្ពុជា មិនមានអ្វីទាំងអស់ តែឥឡូវនេះ ប្រជាពលរដ្ឋរស់នៅធូរធា ផ្លូវថ្នល់ និងសមិទ្ធផលជាច្រើនកើតមានរាប់មិនអស់។
លោកតាបានមើលឃើញថា សមិទ្ធផលទាំងអស់នេះ កើតចេញដោយសារតែការខិតខំ ការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកតា អ៊ុល យ៉ាវ បានបង្ហាញការស្ម័គ្រស្មោះនឹងបក្សប្រជាជនកម្ពុជាមិនប្តូរនោះឡើយ ហើយលោកតា ក៏នឹងអញ្ជើញទៅចូលរួមបោះឆ្នោតជូនបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ លោកតា នៅតែមានភាពជឿជាក់ថា បក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យកម្ពុជាបន្តមានការអភិវឌ្ឍន៍ មានការរីកចម្រើន ជាពិសេសរក្សាបាននូវសុខសន្តិភាព ដែលជាតម្រូវការដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ៕