(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ រៀបចំកិច្ចប្រជុំប្រចាំខែ នៅខេត្តកំពង់ធំ។ ក្នុងកិច្ចប្រជុំនោះ លោកបានជំរុញដល់ក្រុមការងារ សំដៅពន្លឿនការងារឆ្វៀលដីអាស្រ័យផល និងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគម្រូថ្មីជូនប្រជាពលរដ្ឋ នៅមូលដ្ឋាននេះ។
លោករដ្ឋមន្រ្តី ថោង ខុន បានលើកឡើងពីវឌ្ឍនភាព នៃការងារឆ្វៀលដីអាស្រ័យផលនៅតំបន់៣ និងតំបន់២ ស្ថិតក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៥ នៃខេត្តកំពង់ធំ មានក្រុងស្ទឹងសែន ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ព្រមទាំងលើកឡើងពីវឌ្ឍនភាព នៃការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ សំដៅឆ្ពោះទៅការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ខាងមុខ ឱ្យមានទាន់ពេលវេលា។
សូមជម្រាបថា អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដោយបានឯកភាពគ្នា ក្នុងការលើកទិសដៅអនុវត្តបន្តទៅមុខ និងដោះស្រាយបញ្ហាសំខាន់ៗ ដែលរួមមាន៖ ១.ស្នើឲ្យស្ថាប័នថ្នាក់មូលដ្ឋានឃុំ-សង្កាត់ មន្ទីរពាក់ព័ន្ធខេត្តកំពង់ធំ អនុវត្តនូវចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈ, ២.ខិតខំប្រឹងប្រែងបញ្ចប់ការងារឆ្វៀលដី នៅតំបន់៣ និងតំបន់២ និងការចេញសាលកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋ ដែលអាស្រ័យផល ឲ្យបានឆាប់រហ័ស, ៣.បន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋ នៅតាមក្រុង-ស្រុកទាំង៨ នៃខេត្តកំពង់ធំឲ្យបានគ្រប់ៗគ្នា, ៤.ខិតខំបន្តដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា របស់ប្រជាពលរដ្ឋ ពិសេសទាក់ទងនឹងការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕