Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការឃោសនាបោះឆ្នោតជិតមកដល់, លោក ថោង ខុន ដឹកនាំគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក បើកកិច្ចប្រជុំត្រៀមសម្រាប់យុទ្ធនាការនេះ

18-06-2023 19:27

(កំពង់ធំ)៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត នឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានបន្តបើកកិច្ចប្រជុំជីវភាពប្រចាំខែ និងណែនាំដល់គណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក សហការជាមួយក្រុមការងារឃុំ​ ភូមិ​ ត្រៀមរៀបចំផែនការលម្អិត និងត្រៀមសម្ភារៈសម្រាប់គាំទ្រដល់យុទ្ធនាការឃោសនានេះឱ្យបានរួចរាល់។

ជាមួយគ្នានោះបន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ប្រចាំខែ របស់ប្រធានគណបក្សស្រុកទាំង២ហើយ លោក ថោង ខុន ក៏បានជំរុញឱ្យគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក បន្តរៀបចំធ្វើស្លាកសញ្ញាគណបក្ស ទង់ជាតិ ទង់បក្ស សម្រាប់យុទ្ធការឃោសនា ក៏ដូចជាដាក់ស្លាកសញ្ញានៅតាមដងផ្លូវ តាមភូមិ ឃុំ បើស្លាកសញ្ញាដែលមានសភាពចាស់ ត្រូវផ្លាស់ប្តូរស្លាកសញ្ញាថ្មី ឱ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣​ខាងមុខនេះ។

បន្ថែមពីនេះលោក ថោង ខុន ក៏បានជំរុញដល់ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ត្រូវខិតខំគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ និងធានាឱ្យបានថាសមាជិកម្នាក់ត្រូវតែជាសន្លឹកឆ្នោតមួយសម្រាប់បក្ស។

ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក លោកក៏បានណែនាំឱ្យគណបក្សស្រុកទាំង២ បន្តពង្រឹងសមាជិកបក្សឱ្យបានច្រើនបន្ថែមទៀត និងបន្តចុះផ្សព្វផ្សាយពីការបោះឆ្នោតឱ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឱ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក ថោង ខុន បានឱ្យដឹងដែរថា ការចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ គឺជារឿងសំខាន់ណាស់ ដើម្បីក្តាប់បាននូវសភាពការ និងការគ្រប់គ្រងសតិអារម្មណ៍​របស់ប្រជាពលរដ្ឋ និងសភាពការណ៍សមាជិកបក្ស ជាពិសេសឧស្សាហ៍ចុះឱ្យដល់ខ្នងផ្ទះ​ប្រជាពលរដ្ឋ និងពន្យល់ណែនាំប្រជាពលរដ្ឋ​ឱ្យបានយល់ពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​៕