ក្រុមការងារគណបក្សប្រជាជនសង្កាត់វត្តគរ បន្តចុះជួបប្រជាពលរដ្ឋដោះស្រាយសំណើសំណូមពរ
18-06-2023 19:06
(បាត់ដំបង)៖ ថ្ងៃសម្រាកចុងសប្តាហ៍ក្រុមការងាររបស់លោក ឡេង ប៉េងឡុង និងលោក មាស វិរិទ្ធ បន្តចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោះស្រាយ សំណើសំណូមពរ បញ្ហាប្រឈមក្នុងការអភិវឌ្ឍមូលដ្ឋាននៅភូមិវត្តគរ និងភូមិច្រាបក្រសាំង ឱ្យមានការរីកចម្រើននិងផ្តល់ភាពងាយស្រួលសុខុមាលភាពជូនប្រជាពលរដ្ឋ។
ក្រុមការងារនោះមានលោក លឹម តុងហួត លោកលឹម ឆាង លោកចែម សាកល លោក សុខ ឈឿក លោក ហោ ផុន លោកស៊ូ ប៉ិ លោក ហ៊ាន គឹមលុន លោក គឹម សុមន: ព្រមទាំងអស់លោក លោកស្រី នៅមូលដ្ឋានភូមិទាំងពីរ។
លោក លឹម តុងហួត បានប្រាប់ឱ្យដឹងថា រាល់ថ្ងៃសម្រាកចុងសប្តាហ៍ ដោយមានការគាំទ្រពីលោក ឡេង ប៉េងឡុង និងលោក មាស វិរិទ្ធ ក្រុមការងារយើងបានសម្របសម្រួលសហការជាមួយអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តបាត់ដំបង ធ្វើការអភិវឌ្ឍដោះស្រាយ សំណើ សំណូមពរ បញ្ហាប្រឈមនានាជាជំហានៗ ក្រោយដោះស្រាយបញ្ហាបង្គោល-បណ្តាញអគ្គិសនី ទឹកជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិវត្តគរ និងភូមិដំណាក់ហ្លួង យើងនឹងបន្តជួយសម្របសម្រួល សហការរកកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជន់លិចលំនៅដ្ឋានបង្កផលប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ថ្លែងក្នុងនាម លោក ឡេង ប៉េងឡុង និងលោក មាស វិរិទ្ធ នាឱកាសនោះ លោក លឹម តុងហួត បានថ្លែងអំណរគុណ និងកោតសសើរដល់ក្រុមការងារទាំងអស់គ្រប់ថ្នាក់ដែលបានសាមគ្គី បេះដូងតែមួយ ប្រឹងប្រែងបំពេញភារកិច្ច លះបង់ ពេលវេលា ធនធានចូលរួមជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ និងផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងការអភិវឌ្ឍកុំឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ហើយក៏សូមថ្លែងអំណរគុណដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងក្រុមការងារដែលតែងផ្តល់ការគាំទ្រ៕