អភិបាលខេត្តរតនគិរី ដង្ហែអង្គផ្កាប្រាក់មកកាន់វត្តត្រពាំងក្រហម ស្រុកកូនមុំ ប្រមូលបច្ច័យជាង ១ម៉ឺនដុល្លារ ដើម្បីរួមចំណែកចាក់បេតុប្លង់សេ ព្រះវិហារដែលកំពុងសាងសង់
18-06-2023 19:02
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ឃឹម សុខឃាង ញ៉ែម សំអឿន និងថ្នាក់ដឹកនាំ មន្ទីរ ស្ថានប័នក្រុងស្រុក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានដង្ហែអង្គផ្កាប្រាក់មកកាន់វត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ដោយប្រមូលបច្ច័យសរុបចំនួន ៤១,០០០,០០០លានរៀល ដើម្បីវេរប្រគេនព្រះសង្ឃ ចូលរួមចំណែកចាក់ បេតុប្លង់សេ ព្រះវិហារដែលកំពុងដំណើរការសាងសង់។
នាឱកាសនោះដែរ លោកអភិបាលខេត្តបានថ្លៃងទៅកាន់ប្រជាពលរដ្ឋអំពីតម្លៃនៃសន្តិភាព និងការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកសាងប្រទេសជាតិឱ្យមានការរីកចម្រើនតាំងពីបាតដៃទទេរ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
លោក ញ៉ែម សំអឿន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលគ្រប់អាយុសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
ក្រោយចប់ពិធីសំណេះសំណាល លោកអភិបាលខេត្ត និងលោកស្រី បានដឹកនាំមន្ត្រីរាជការរាប់បាត្រព្រះសង្ឃ ព្រមទាំងចែករំលែកទាន ដល់លោកយាយ លោកតា ប្រជាពុទ្ធបរិស័ទដែលមានវត្តមានក្នុងកម្មវិធីបុណ្យ។
តាងនាមព្រះសង្ឃ លោកអាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមានសទ្ធាជ្រះថ្លារបស់ម្ចាស់ទានទាំងអស់ សូមជូនពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការ អាយុ វណ្ណៈ សុខ ពល និងដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ៕