Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនស្រុកអូររាំងឪ ទទួលបានសមាជិកថ្មី ជាង ៣ពាន់នាក់

18-06-2023 19:00

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋចំនួន ៣,៦៥០នាក់ បានស្ម័គ្រស្មោះមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ខេត្តត្បួងឃ្មុំ ដោយមើលឃើញពីគុណតម្លៃដ៏ថ្លៃថ្លា និងការកសាងសមិទ្ធផលដ៏ឧត្តុងឧត្តមជាច្រើនមិនអាចកាត់បានរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិ និងប្រជាជនកម្ពុជា។

នេះជាការលើកឡើងរបស់តំណាងសមាជិក សមាជិការបញ្ចូលថ្មីមកពីមូលដ្ឋានឃុំទាំង៧ របស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៅបរិវេណវិទ្យាល័យអូររាំងឪ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីលោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ខ្ញុំសូមស្វាគមន៍ បងប្អូនទាំងអស់ ដែលបានសម្រេចចិត្តត្រូវក្នុងការរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នា

នាឱកាសនោះដែរ លោកបានថ្លែងថា ការសាងអំពើល្អ ជួយដល់ស្រុកអូររាំងឪ និងប្រជាជនយើង លើកស្ទួុយកិត្តិយស និង កេរ្តិ៍ឈ្មោះរបស់យើង រួមគ្នាថែរក្សាសមិទ្ធិផលកន្លងមក និង ខិតខំកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត ក្នុងនោះគឺអនុវត្តតាមគោលនយោបាយជាអាទិភាពទាំង៥ គឺធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងសុវត្ថិភាពភូមិ ឃុំ។

*អាទិភាពទី១៖ ការលើកកម្ពស់វិស័យអប់រំ ដែលកន្លងមកថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សយើងផ្តោតសំខាន់លើការកសាងធនធានមនុស្ស តាមរយៈការលើកទឹកចិត្ត ស្មារតីសាមគ្គីភាព និងការជ្រោមជ្រែង សិស្សានុសិស្ស ការកសាងសាលារៀន បន្ទប់សិក្សា និងផ្តល់ជូននូវសម្ភារៈសិក្សា ជាក់ស្តែង ការផ្តល់ថវិកាលើកទឹកចិត្តជូនសិស្សានុសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ ជាពិសេសនៅថ្ងៃទី២៩ ខែ មិថុនា ខាងមុខ វិទ្យាល័យ ហេង សំរិន ចក នៅឃុំចក នឹងបញ្ចុះបឋមសិលា កសាង អាគារសិក្សា២ខ្នង កំពស់២ជាន់ ស្មើនឹង១៦បន្ទប់ ក្រោមអធិបតីភាព សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងអគារសិក្សា១ខ្នងទៀត ស្មើនឹង៥បន្ទប់ នៅភូមិបឹងផ្ទិល ឃុំគងជ័យ

*អាទិភាពទី២៖ គឺ-ផ្លូវ យុទ្ធនាការផ្លូវរលោង ជួសជុលផ្លូវជាង ៨០km នៅទូទាំងស្រុក
*អាទិភាពទី៣៖ ភ្លើង បំពាក់អំពូលសូឡាជាង ២,០០០ តាមទីសាធារណៈនានា និងគម្រោងដាក់តាមគ្រប់ផ្ទះបន្ថែមទៀត
*អាទិភាពទី៤៖ ទឹក ក្រុមការងារយើងនឹងបន្ត ខួងអណ្តូងថ្មី និងបំពាក់ម៉ាស៊ីនចម្រោះទឹកក្តៅ-ត្រជាក់ នៅគ្រប់សាលារៀនទូទាំងស្រុក
*អាទិភាពទី៥៖ សុវត្ថិភាពសង្គម តាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសលប់បំបាត់ បង្ក្រាប បទល្មើសគ្រឿងញៀនគ្រប់រូបភាព ព្រោះគ្រឿងញៀនជាប្រភពបំផ្លាញគ្រួសារ និងសង្គមជាតិ។

ប្រធានក្រុមការងារ បានបន្តថា គោលនយោបាយ និងសមិទ្ធផលខាងលើយើងអាចសម្រេចទៅបាន គឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ នាំមកនូវកិត្យានុភាព កិត្តិនាមដ៏ឧត្តុងឧត្តមនៅលើឆាកអន្តរជាតិ៕