លោក សាយ សំអាល់៖ បើគ្មានការលះបង់ របស់កងកម្លាំងប្រដាប់អាវុធ ដោយជឿជាក់លើរដ្ឋាភិបាលទេ កម្ពុជាមិនអាចធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថៃ្ង
18-06-2023 18:48
(ព្រះសីហនុ)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ពីស្នងការដ្ឋាននគរបាលខេត្ត នគរបាលវរ:ការពារព្រំដែនទឹក អង្គភាពកងទ័ពជើងទឹក តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ លោក សាយ សំអាល់ បានថ្លែងថា កងកម្លាំប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។
លោក សាយ សំអាល់ បានលើកឡើងថា បងប្អូនកងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាមន្ត្រីសាធារណៈ ដែលនៅកៀក នឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប្រចាំ រួមចំណែកនៅគ្រប់ដំណាក់កាលដ៏លំបាក និងវែងឆ្ងាយនៃ ដំណើរកម្ពុជា។ បើគ្មានការលះបង់ និងមនសិការស្នេហាជាតិរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដោយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទេ ក៏យើងមិនអាចធានាបាននូវសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថៃ្ងនេះដែរ។
ក្នុងឱកាសនោះ លោក សាយ សំអាល់ បានសម្តែងការគោរពដឹងគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង ប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចរៀងៗខ្លួន ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្មារតីឯកភាពជាតិ ជាធ្លុងមួយ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ មកជាប៉ូលសេដ្ឋកិច្ចទី២ និងជាទីក្រុងអន្តរជាតិដ៏ទាក់ទាញ។
លោកប្រធានក្រុមការងារ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ឈានឆ្ពោះទៅសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ក៏ដូចជា រួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ២០៥០ ជាប្រទេសចំណូលខ្ពស់តាមការគ្រោងទុក៕