Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមបណ្ដាញប្រជាជនកម្ពុជា ចាប់ផ្ដើមផែនការសកម្មភាពពង្រឹងសេវាកម្មទេសចរណ៍នៅតាមសហគមន៍មូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍

18-06-2023 18:18

(ភ្នំពេញ)៖ ដោយមើលឃើញពីគុណប្រយោជន៍ដ៏ធំធេងនៅតាមសហគមន៍នានាដែលមានសក្ដានុពលទេសចរណ៍ សមាគមបណ្ដាញប្រជាជនកម្ពុជា (ស.ប.ប) បាននិងកំពុងខិតខំធ្វើផែនការសកម្មភាពពង្រឹងសេវាកម្មទេសចរណ៍បន្ថែម បណ្ដុះបណ្ដាលបំប៉នសមត្ថកិច្ចប្រជាសហគមន៍ ដើម្បីអភិវឌ្ឍសហគមន៍ទាំងនោះឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីៗ ជំរុញឱ្យប្រជាពលរដ្ឋទទួលបានចំណូលបន្ថែមពីវិស័យទេសចរណ៍ លើកស្ទួយជីវភាពមូលដ្ឋាន រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

ការៀបចំឱ្យបានផែនការសកម្មភាព និងកិច្ចការពាក់ព័ន្ធជាច្រើន ត្រូវបានបង្ហាញតាមរយៈមហាសន្និបាតលើកទី១របស់សមាគមបណ្ដាញប្រជាជនកម្ពុជា (ស.ប.ប) ដែលបានធ្វើឡើងនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមបប្រឹក្សាភិបាលសមាគម ស.ប.ប។

យ៉ាងហោចមានការចូលរួមពីតំណាងសហគមន៍ជាសមាជិកចំនួន៤១ និងសមាជិកបម្រុង (អង្កេតការណ៍) ចំនួន១៨ទៀត ក្នុងនោះមកពីខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ តាកែវ កំពត កែប ព្រះសីហនុ កោះកុងជាដើម ដោយតំណាងឱ្យប្រជាជនសរុបប្រមាណ១០ម៉ឺននាក់។ សហគមន៍ទាំងនេះ ភាគច្រើនជាសហគមន៍ការពារព្រៃឈើ សហគមន៍នេសាទ សហគមន៍កសិកម្ម សហគមន៍តំបន់ការពារធនធានធម្មជាតិ សហគមន៍អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ជាដើម។

លោកប្រធាន នី ផល្លី បានឱ្យដឹងថា អង្គសន្និបាតបានរាយការណ៍ និងវាយតម្លៃអំពីស្ថានភាពទូទៅនៅតាមសហគមន៍ជាសមាជិក និងសហគមន៍អង្កេតការណ៍ រួមជាមួយការលើកឡើងពីបញ្ហាប្រឈម តម្រូវការ សំណូមពរជាច្រើនពីសហគមន៍ជាសមាជិក និងសមាជិកបម្រុង។ លោកបន្តថា សមាគម ស.ប.ប ក៏បានកត់ត្រាទុកនូវបញ្ហាប្រឈមនានា ដើម្បីត្រៀមសហការដោះស្រាយជាមួយក្រសួង ស្ថាប័នជំនាញ អាជ្ញាធរពាក់ព័ន្ធ និងដៃគូនៅពេលបន្តបន្ទាប់។

លោក នី ផល្លី បានបន្តទៀតថា តាមរយៈមហាសន្និបាទនេះ សមាគមក៏បានដាក់ចេញនូវផែនការសកម្មភាពមួយចំនួនសម្រាប់បន្តការអភិវឌ្ឍសហគមន៍ជាសមាជិក និងសមាជិកអង្កេតការណ៍ តួយ៉ាងដូចជាការបញ្ចូលសេវាកម្មទេសចរណ៍ទៅក្នុងសហគមន៍ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថកិច្ចប្រជាសហគមន៍ ដើម្បីអភិវឌ្ឍសហគមន៍ទាំងនោះឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីៗ ជំរុញឱ្យប្រជាពលរដ្ឋទទួលបានចំណូលបន្ថែមពីវិស័យទេសចរណ៍ លើកស្ទួយជីវភាពមូលដ្ឋាន និងទ្រទ្រង់ដល់ការការពារអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រពៃណីជាដើម។

សមាគមក៏នឹងជួយដោះស្រាយតាមតម្រូវការផ្សេងទៀតរបស់សហគមន៍ជាសមាជិកផងដែរ ខណៈសមាជិកខ្លះត្រូវការទីស្នាក់ការសហគមន៍សម្រាប់ប្រចាំការអនុវត្តកិច្ចការងារប្រចាំថ្ងៃ ហេដ្ឋារចនាសម្ពន្ធគាំទ្រដល់ការបម្រើសេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ សម្ភារប្រើប្រាសសម្រាប់ការល្បាតការពារធនធានធម្មជាតិក្នុងសហគមន៍ រៀបចំសោភ័ណភាពក្នុងសហគមន៍ និងស្វែងរកកិច្ចសហការដើម្បីផ្ដល់ការបណ្ដុះបណ្ដាលបន្ថែមដល់ប្រជាសហគមន៍ផងដែរ។

លោក ធួន ស៉ីណាន់ អគ្គលេខាធិការសមាគម ស.ប.ប ក៏បានលើកឡើងថា បេសកកម្មចម្បងៗរបស់សមាគម ស.ប.ប គឺជួយគាំទ្រនិងសម្របសម្រួលតាមទម្រង់ផ្លូវច្បាប់ជូនដល់សហគមន៍ជាសមាជិកក្នុងពេលមានបញ្ហាណាមួយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ កសិកម្ម សិប្បកម្មជាដើម ព្រមទាំងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់សហគមន៍ទៅកាន់ទីផ្សារទេសចរណ៍ក្នុងនិងក្រៅប្រទេស សំដៅធ្វើយ៉ាងណាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈវិស័យទេសចរណ៍នេះ។

អ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យទេសចរណ៍ជាង២០ឆ្នាំរូបនេះបានបញ្ជាក់ថា សក្ដានុពលទេសចរណ៍ថ្មីៗដែលមាននៅតាមសហគមន៍ទាំងនោះ នឹងក្លាយជាផលិតទេសចរណ៍ថ្មីៗបន្ថែមសម្រាប់ទាក់ទាញ និងបម្រើជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ហើយសមាគម ស.ប.ប ក៏នឹងជួយទាក់ទាញភ្ញៀវទេសចរមកឱ្យសហគមន៍ជាសមាជិកដោយផ្ទាល់តែម្ដង។

ជាមួយគ្នានោះ លោកប្រធាន នី ផល្លី ក៏បានបញ្ជាក់ពីការបើកឱកាសដល់សហគមន៍ដទៃទៀតបានចូលជាសមាជិកសមាគម ស.ប.ប ខណៈសហគមន៍រាប់រយទៀតក៏កំពុងស្នើសុំចូលជាសមាជិក ស.ប.ប ផងដែរ៕