Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ណុប រតនា លើកបង្ហាញគុណសម្បត្តិដឹកនាំរបស់សម្តេចតេជោ និងអំពាវនាវពលរដ្ឋឱ្យទៅបោះឆ្នោត (Video inside)

18-06-2023 17:51

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ណុប រត​នា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចុះ​ពង្រឹ​ង​មូលដ្ឋានឃុំសំរោងទង ខេត្តកំពង់ស្ពឺ បានចុះជួបសំណេះសំណាលជាមួយពលរដ្ឋឃុំ​សំរោងទងជិត ៦ពាន់នាក់ មកពីភូមិទាំង១៨ នៅក្នុងឃុំនេះ។

ជំនួបត្រូវបានធ្វើឡើងក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។ នៅចំពោះមុខ​ប្រជាពល​រដ្ឋ​ជិត​៦ពាន់នោះ លោកបណ្ឌិត ណុប រតនា ទីប្រឹក្សាសម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចនូវគុណសម្បត្តិ និងស្នាដៃដ៏មហាធំធេងជាច្រើនរបស់​សម្តេចតេជោ ហ៊ុន សែន សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោកបណ្ឌិត សាស្ត្រាចារ្យ ណុប រតនា ដែលមានតួនាជាមេបញ្ជាការ​កាំភ្លើង​ធំក្នុងជួរ​កង​យោធពលខេមរភូមិន្ទដែរនោះ បានលើកឡើងថា សម្តេចតេជោ គឺជាមេដឹកនាំមួយរូប ដែល​បានយកជីវិតធ្វើជាដើមទុនដើម្បីអាយុជីវិតជាតិ និងប្រជាជន ដោយផ្តើមចេញពីការ​ភៀស​​ខ្លួនចេញទៅប្រទេសវៀតណាម នាថ្ងៃទី២០ ខែមិថុនា កាលពី៤៦ឆ្នាំមុន ដើម្បីសុំ​កិច្ច​អន្តរាគមន៍ពីវៀតណាម វាយផ្តួលរំលំរបបខ្មែរក្រហមនាថ្ងៃទី០៧ ខែមករា ឆ្នាំ​១៩៧៩​, ដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ បិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា​ទាំង​ស្រុង​​នាថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ១៩៩៨ ដែលជាការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាព​ជាតិជាលើកដំបូងក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជា ក្រោយការបែក​បាក់​អង្គរ។ ក្រៅតែពីការផ្តួលរំលំរបបខ្មែរក្រហម បញ្ចប់សង្គ្រាមហើយនោះ ក្រោមបញ្ញា​ញាណ​ឈ្លាសវៃ និងភាពប៉ិនប្រសប់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំជំរុញឱ្យសេដ្ឋ​កិច្ច​ជាតិកម្ពុជាឱ្យឈានឡើង ប្រទេសជាតិមានការរីកចម្រើន និងជីវភាពរបស់ប្រជាពល​រដ្ឋកាន់តែល្អប្រសើរ។

ក្រៅតែពីលើកបង្ហាញពីគុណសម្បត្តិ និងស្នាដៃដូចខាងលើហើយនោះ នៅក្នុងកម្មវិធីនា​ព្រឹក​​មិញនេះ លោកបណ្ឌិត ណុប រតនា ក៏បានលើកបង្ហាញពីសមិទ្ធផលថ្មីៗរបស់​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេចតេជោ រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធានាការរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋពីជំងឺឆ្លងសាកលនេះ, ការរៀប​ចំ​ការ​ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍ជា​ប្រវត្តិសាស្ត្រ នាំឱ្យកិត្តិនាមរបស់កម្ពុជាខ្ទរខ្ទារលើឆាកអន្តរជាតិ ហើយមានការកោត​សរសើរ និងស្ញប់ស្ញែងទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ទន្ទឹមការលើកបង្ហាញពីសមិទ្ធផលជាតិ ដែលដឹកនាំដោយគណបក្សប្រជាជន​កម្ពុជា​មាន​សម្តេចតេជោជាប្រធានហើយនោះ លោកបណ្ឌិត ណុប រតនា ក៏បានលើកឡើង​ផងដែរសមិទ្ធផលទាំងឡាយសម្រេចបានដូចការលើកឡើងខាងលើ គឺដោយសារតែ​កត្តាសុខសន្តិភាព។ ក្នុងន័យនេះលោកបណ្ឌិត អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា​សុខ​សន្តិភាពនេះ។

សម្រាប់លោកបណ្ឌិត ណុប រតនា ដើម្បីថែរក្សាការពារសុខសន្តិភាពទៅបានមានតែ​គណ​បក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ ក្នុងន័យនេះ លោកបណ្ឌិតអំពាវនាវប្រជាពលរដ្ឋ​ទៅ​ចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ហើយបោះជូនគណបក្សបក្សប្រជាជន​កម្ពុជាធានារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍។

លោក អ៊ុល យ៉ាវ អាយុ ៨៣ឆ្នាំ រស់នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោង ខេត្តកំពង់​ស្ពឺ បានបង្ហាញការស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា។ ជាអ្នក​ហែលឆ្លងព្រឹត្តិការណ៍ក្នុងសង្គមកម្ពុជាច្រើនសម័យកាល លោក អ៊ុល យ៉ាវ បានមើល​ឃើញរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានការរីកចម្រើនយ៉ាងខ្លាំង។ ហេតុ នេះហើយទើបលោកស្រឡាញ់នឹងជឿជាក់លើបក្សប្រជាជនកម្ពុជា។

លោក អ៊ុល យ៉ាវ ក៏បានអះអាងផងដែរថា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ លោក​នឹងអញ្ជើញទៅបោះឆ្នោតផ្តល់ការគាំទ្រចំពោះបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យ​បក្សកំពុងដឹកនាំប្រទេសមួយនេះ បន្តដឹកនាំប្រទេស រក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខបន្តទៀត៕