(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យសភាពាណិជ្ជកម្មខេត្តកំពង់ចាម ធ្វើការពង្រឹងគ្រឹះរបស់ខ្លួនដើម្បីចាប់យក ឱកាសវិនិយោគបន្ថែមទៀត ក្នុងការបង្កើនសេដ្ឋកិច្ចនៅក្នុងតំបន់។
លោកអភិបាលខេត្ត បានជំរុញដូច្នេះនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលយៀកថៃ ក្រុងកំពង់ចាម ក្នុងឱកាសទទួលទានអាហារសាមគ្គី ជាមួយគណៈអាជីវករ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានបន្តថា ដើម្បីធ្វើឲ្យមានជំនឿ មានអតិថិជនច្រើន អង្គភាពសភាពាណិជ្ជកម្មត្រូវមានសាមគ្គីភាព និងការឯកភាពគ្នា តាមរយៈការប្រជុំ ការពិគ្រោះយោបល់ សម្រេចដោយប្រធាន និងឈានដល់ការដាក់ចេញនូវការវិនិយោគ ការបណ្ដាក់ទុន ដែលនាំមកនូវការរីកចម្រើន។
លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ ដល់សភាពាណិជ្ជកម្មខេត្ត ក្នុងការប្រកបអាជីវកម្ម និងទទួលបានសមាជិកច្រើន ពោលគឺ ការបង្កើតដៃគូបានច្រើននៅក្នុងការវិនិយោគ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលបានសម្រេចហើយផងដែរ ក្នុងការផ្ដល់សិទ្ធិឲ្យរដ្ឋបាលខេត្ត មានសិទ្ធិសម្រេចនៃការវិនិយោគ ដែលមានទុនត្រឹម៥លានដុល្លារចុះក្រោម។ ដូច្នេះប្រការនេះសំខាន់ណាស់ ដែលយើងត្រូវរួមគ្នា ក្នុងការស្វែងរកដៃគូវិនិយោគឲ្យបានច្រើនដើម្បីបណ្ដាក់ទុនរកស៊ីជាមួយគ្នា ទាំងនៅក្នុងស្រុក និងនៅបរទេស៕