Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សាយ សំអាល់៖ មន្ត្រីរាជការ គ្រប់ផ្នែក-គ្រប់ថ្នាក់ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសប្រែក្លាយខេត្តព្រះសីហនុ មកជាប៉ូលសេដ្ឋកិច្ចទី២ ដ៏មានសក្តានុពល

18-06-2023 16:09

(ព្រះសីហនុ)៖ នេះជាប្រសាសន៍របស់លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តព្រះសីហនុ ថ្លែងក្នុងពេលជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។

លោក សាយ សំអាល បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរលើផ្លូវដ៏វែងឆ្ងាយ និងពោរពេញដោយការលំបាក។ ដោយឆន្ទៈដ៏មោះមុត និងលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និគណបក្សប្រជាជនកម្ពុជា កំពង់ផែត្រូវបានធ្វើសមាហរណកម្ម និងសុខដុមនីយកម្មជាមួយបណ្តាប្រព័ន្ធកំពង់ផែអន្តរជាតិធំៗនៅលើពិភពលោក។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។

លោក សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ក្នុងជំនួបនេះដែរ លោកក៏បានចាត់ទុកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្ត ព្រះសីហនុ ឲ្យប្រែក្លាយមកជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ ដូចសព្វថ្ងៃនេះ។

លោកប្រធានក្រុមការងារ មានជំនឿយ៉ាងមុតមាំថា ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដើរតួនាទីកាន់តែសំខាន់ ជាសសរកន្លោងមួយសម្រាប់ទ្រទ្រង់ ការសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ក៏ដូចជា៖ ចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក៕