Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក សហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺភ្នែកជូនពលរដ្ឋដោយឥតគិតថ្លៃ

18-06-2023 15:26

(ភ្នំពេញ)៖ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយ ពាក់ព័ន្ធនឹងជំងឺភ្នែក ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមមាន៖​ ក្រុមការងារសង្កាត់ទឹកល្អក់ទី៣ សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង នាថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានសហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំក្រុមគ្រូពេទ្យចុះព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទួលគោកដោយឥតគិតថ្លៃ។

ពិធីនេះបានធ្វើឡើងនៅបរិវេណវិទ្យាល័យជាស៊ីមសាមគ្គី​ ក្រោមអធិបតីភាពលោក សុត ធា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ផ្សារដើមគរ និងដោយមានការចូលរួមពីតំណាងសង្កាត់ទាំង៣ រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងពិធីនេះក៏មានការចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ តាមវេជ្ជបញ្ជាពេទ្យ រួមទាំងមានការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ជូនដល់ប្រជាពលរដ្ឋផងដែរ។

លើកឡើងនាឱកាសនោះលោក សុត ធា បានឱ្យដឹងថា សកម្មភាពចុះព្យាបាលជំងឺភ្នែកនេះ ជាការជួយសម្រាកការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ក្នុងការស្វែងរកកន្លែងព្យាបាលជំងឺ។ ការព្យាបាលនេះដែរមានទាំងការពិនិត្យភ្នែកជូន ការផ្តល់ថ្នាំ និងការផ្តល់ជាវ៉ែនតាផ្ទាល់តែម្តង។ សម្រាប់ការចុះព្យាបាលនេះដែរ ក្រុមការងារនឹងនៅតែបន្តចុះព្យាបាលជាបន្តបន្ទាប់ទៀតផងដែរ។

លោក សុត ធា បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែចាត់ឱ្យក្រុមការងារចុះជួយមូលដ្ឋាន ចុះជួួយសម្រាកការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃ និងសកម្មភាពផ្សេងៗជាច្រើនទៀត ដោយមិនទុកឱ្យមានប្រជាពលរដ្ឋណាដែលជួបការលំបាក ដោយមិនមានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំនោះឡើយ ក្នុងនោះក្រោមការដឹកនាំពីគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោក សុត ធា ក៏បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីពេទ្យព្រះអង្គដួង ដែលបានចំណាយពេលវេលាចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនៅមូលដ្ឋានខណ្ឌទួលគោក។ លើសពីនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិមានការអភិវឌ្ឍ និងប្រជាពលរដ្ឋរស់នៅក្នុងភាពសុខស្រួល ក្រោមម្លប់សន្តិភាពផងដែរ៕